(ប៉ាឡេស្ទីន)៖ ក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ដែនដីប៉ាឡេស្ទីន នៅថ្ងៃព្រហស្បតិ៍នេះ បានព្យួរកជនជាតិប៉ាឡេស្ទីន០៣នាក់ ដែលត្រូវបានតុលាការយោធាហាម៉ាស់ផ្ដន្ទាទោសពីបទក្បត់ជាតិ តាមរយៈការធ្វើចារកម្មឲ្យសត្រូវគឺអ៊ីស្រាអែល។ នេះបើតាមសេចក្តីប្រកាសពីក្រសួងមហាផ្ទៃហាម៉ាស់ ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានចិនសិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។
ក្រសួងមហាផ្ទៃហាម៉ាស់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានឱ្យដឹងដូច្នេះថា «អ្នកទោសទំាង០៣នាក់ ត្រូវបានតុលាការផ្ដន្ទាទោសប្រហារជីវិតដោយព្យួរក ពីបទលួចដោះដូរព័ត៌មានសម្ងាត់ជាមួយអ៊ីស្រាអែល ហើយពួកគេមានអាយុ ៥២, ៤២, និង៣២ឆ្នាំ ដែលសុទ្ធសឹងជាប្រជាជនប៉ាឡេស្ទីនមកពីតំបន់ហ្គាហ្សា»។
គួរបញ្ជាក់ថាបើតាមសេចក្ដីថ្លែងការណ៍នេះដដែល អ្នកទោសទំាងបីនាក់ខាងលើ ក៏បានទទួលស្គាល់ផងដែរថា ពួកគេពិតជាបានប្រគល់ព័ត៌មានរសើបមួយចំនួនឱ្យអ៊ីស្រាអែល ដែលនេះបានបង្កឱ្យក្រុមអ្នកប្រយុទ្ធហាម៉ាស់ជាច្រើននាក់បាត់បង់ជីវិត រីឯវិហារ និងផ្ទះជាច្រើនខ្នងត្រូវបំផ្លាញ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល៕