(បាងកក)៖ ព្រះមហាក្សត្រថៃទ្រង់ Maha Vajiralongkorn បានឡាយព្រះហស្ថលេខាហើយ នៅថ្ងៃព្រហស្បតិ៍នេះលើរដ្ឋធម្មនុញ្ញថ្មី ដែលនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការរៀបចំ ការបោះឆ្នោតសកលតាមពាក្យសន្យារបស់រដ្ឋាភិបាលយោធាថៃ បន្ទាប់ពីមានរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ពីនាយករដ្ឋមន្ត្រី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ទ្រង់ Maha Vajiralongkorn បានឡាយព្រះហស្ថលេខាអនុម័តលើរដ្ឋធម្មនុញ្ញថ្មី ដែលនឹងបង្កើតនីតិវិធី ដំណើរការការរៀបចំការបោះឆ្នោតយ៉ាងយូរនៅឆ្នាំក្រោយនេះ។ ជាមួយគ្នានោះដែរ អ្នកទទួលខុសត្រូវខាងបរមរាជវាំងថៃម្នាក់ក៏បានបញ្ជាក់ដែរថា «រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ត្រូវបានប្រកាសឱ្យប្រើហើយ ដូច្នេះប្រជាជនថៃគួរតែរួបរួមគ្នាការពាររដ្ឋធម្មនុញ្ញនេះ ដើម្បីរក្សាលិទ្ធិ ប្រជាធិបតេយ្យ និងដែនអធិបតេយ្យភាពរបស់ថៃ»។
គួរបញ្ជាក់ថារដ្ឋធម្មនុញ្ញថ្មីនេះត្រូវបានអនុម័ត នៅក្នុងការបោះឆ្នោតប្រជាមតិកាលពីសីហា ឆ្នាំ២០១៦ ហើយវានឹងត្រូវជំនួសរដ្ឋធម្មនុញ្ញបណ្ដោះអាសន្នបច្ចុប្បន្ន ក្រោយរដ្ឋប្រហារឆ្នាំ២០១៤។ ក៏ប៉ុន្តែគេរំពឹងដែរថា តាមរយៈរដ្ឋធម្មនុញ្ញថ្មីនេះ ទ្រង់ Maha Vajiralongkorn នឹងមានអំណាចធំ ជាងព្រះបិតា Bhumibol Adulyadej ដែលបានសោយទិវង្គតទៅទៀត៕