(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលស្វាគមន៍សមភាគីចិន លោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅឯរមណីយដ្ឋានរបស់លោកផ្ទាល់ក្នុងរដ្ឋផ្លូរីដា ហើយដែលនេះនឹងកា្លយជាជំនួបមួយទល់នឹងមួយ លើកដំបូងបំផុតរវាងមេដឹកនាំទំាងពីរ ដើម្បីដោះស្រាយ បញ្ហាខ្វែងគំនិតជាច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។
ផ្អែកលើស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន លោក ត្រាំ និងលោក ស៊ី ត្រូវបានគេរំពឹងថានឹងលើកយកប្រធានបទសំខាន់ៗចំនួន០៥ មកជជែកគ្នាក្នុងនោះរួមមាន៖
១៖ បញ្ហាមីស៊ីល-នុយក្លេអ៊ែរកូរ៉េខាងជើង
លោក ដូណាល់ ត្រាំ កាលពីខែមីនាបានរិះគន់លើទីក្រុងប៉េកាំងថា មិនបានជួយសហរដ្ឋអាមេរិក ដោះស្រាយជាមួយកូរ៉េខាងជើងនោះទេ ដោយបណ្ដាយឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះបាញ់សាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់ស្រេចតែអំពើចិត្ត។ ដូច្នេះលោក ត្រាំ អាច នឹងយកឱកាសនេះបញ្ចុះបញ្ចូលទីក្រុងប៉េកាំងឱ្យ ប្រើឥទ្ធិពលទប់ស្កាត់សកម្មភាពបង្ករឿងពីសំណាក់របបដឹកនាំទីក្រុងព្យុងយ៉ាង៕
២៖ វិស័យពាណិជ្ជកម្មរបស់ប្រទេសយក្សទាំងពីរ
គួររំលឹកថានៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ បានហៅការធ្វើពាណិជ្ជកម្មរបស់ចិនថា «មិនមានភាពត្រឹមត្រូវ» ហើយ ថែមទាំងបានសន្យាដែរថានឹងចាត់វិធានការ បើចិនមិនជួយសម្រួលដល់អាមេរិកចូលក្នុងទីផ្សារចិនទេនោះ ខណៈទីក្រុងប៉េកាំង បានដាក់កំហិតមួយចំនួនលើការនាំចេញផលិតផលបច្ចេកវិទ្យាអាមេរិក ចូលក្នុងប្រទេសចិន៕
៣៖ រឿងចង់បានឯករាជ្យរបស់កោះតៃវ៉ាន់
លោក ត្រាំ ធ្លាប់ធ្វើឱ្យចិនក្ដៅក្រហាយយ៉ាងខ្លំាង បន្ទាប់ពីលោកបានអះអាងតាមទូរស័ព្ទជាមួយប្រធានាធិបតីតៃវ៉ាន់ថា សហរដ្ឋអាមេរិក នឹងលែង គោរពគោលនយោបាយចិនតែមួយ ក៏ប៉ុន្តែក្រោយមកលោកបែរជាប្ដូរគោលជំហរទៅនេះវិញ។ ដូច្នេះ លោក ស៊ី បញ្ជាក់ពីគោលជំហររបស់សហរដ្ឋអាមេរិកជាថ្មីថារើសយកចិន ឬក៏កោះតៃវ៉ាន់។
៤៖ បញ្ហាសមុទ្រចិនខាងត្បូង
សហរដ្ឋអាមេរិកធ្លាប់ថ្កោលទោសចិនជាច្រើនលើក រឿងធ្វើសកម្មភាពយោធា និងគំរាមប្រទេសតូចៗដែលជាភាគីជម្លោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេស លោក រិច ធីល្លឺសុន ក៏បាននិយាយចំៗដែរថា ចិនមិនគួរត្រូវ បានអនុញ្ញាតឱ្យចូលទៅកាន់តំបន់ជម្លោះឡើយ។
៥៖ បញ្ហាសិទ្ធិមនុស្ស
ក្រៅតែពីបញ្ហាធំៗខាងលើ គេមិនអាចមើលរំលងឡើយចំពោះបញ្ហាសិទ្ធិមនុស្ស ត្បិតសហរដ្ឋអាមេរិក តែងតែផ្ដោតសំខាន់ជានិច្ច លើការគោរពសិទ្ធិមនុស្ស ដែលបានធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទំាងពីរស្គាល់ភាពតានតឹងនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសនោះគឺ ពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជនការពារសិទ្ធិមនុស្សដោយអាជ្ញាធរចិន៕