(ម៉ូស្គូ)៖ ឧបករណ៍ផ្ទុកជាតិផ្ទុះត្រូវបានគេរកឃើញ និងដោះចេញដោយសុវត្ថិភាពនៅក្នុងអគារស្នាក់នៅមួយកន្លែងក្នុងទីក្រុង St. Peterburg នៃប្រទេសរុស្ស៊ី ជាទីដែលទើបតែបានរងគ្រោះការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែកនាពេលថ្មីៗនេះ ដែលបានឆក់យកជីវិតមនុស្សសរុប ១៤នាក់និងបានបង្កឲ្យរបួសជាទម្ងន់ចំនួន៤៩នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។
នៅក្រោយពេលមានសេចក្តីរាយការណ៍ថា អគារស្នាក់នៅកម្ពស់០៩ជាន់មួយកន្លែងក្នុងទីក្រុង St. Petersburg ត្រូវបានជម្លៀសមនុស្សចេញទៅកាន់ទីសុវត្ថិភាព ដោយសារតែវត្ថុគួរឲ្យសង្ស័យមួយត្រូវបានរកឃើញនៅទីនោះ លោក Konstantin Serov ប្រធានរដ្ឋបាលនៃសង្កាត់កើតហេតុបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានរុស្ស៊ីថា «ឧបករណ៍ផ្ទុកសារធាតុផ្ទុះចំនួនមួយ ត្រូវបានរកឃើញ ហើយដោះចេញដោយជោគជ័យ តែខណៈពេលនេះក្រុមអ្នកស៊ើបអង្កេតកំពុងបន្តធ្វើការនៅក្នុងអគារនោះនៅឡើយទេ»។
គួរបញ្ជាក់ថាបើតាមប្រភពខាងលើ នៅក្រោយហេតុការណ៍នេះមនុស្សមួយចំនួនត្រូវបានឃាត់ខ្លួន ខណៈនៅមុននេះបន្តិចក៏មានសេចក្តីរាយការណ៍ ស្តីអំពីករណីផ្ទុះមួយនៅក្នុងទីក្រុងរុស្ស៊ីមួយទៀតឈ្មោះថា Rostoy-on-Don ដែលបានបណ្តាលឲ្យបុរសម្នាក់ដាច់ដៃម្ខាង៕