(វ៉ាស៊ីនតោន)៖ លោក Jack Keane ដែលជាជម្រើសដំបូង របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់តំណែងជារដ្ឋមន្រ្តីការពារ​ជាតិនោះបានព្រមានចំៗថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រហែលនៅទីបំផុតនឹងតម្រូវបង្ខំឲ្យសហរដ្ឋអាមេរិក ប្រើប្រាស់នូវអ្វីដែលរូប​លោកបានហៅថា «ជាជម្រើសនៅសេសសល់ចុងក្រោយ» សម្រាប់ទីក្រុងវ៉ាស៊ីនតោន ពោលគឺការវាយប្រហារដោយ កម្លាំងយោធា​នៅក្នុង​ទ្រង់ទ្រាយធំតែម្តង។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចសម្ភាសន៍​មួយជាមួយ​សារព័ត៌មាន Times of London លោក Keane បានលើកឡើងថា «ការវាយប្រហារ​ដោយសង្រ្គប់ ទៅលើ​មូលដ្ឋានអាវុធនុយក្លេអ៊ែរក្រោមដី រួមទាំងកង​កម្លាំងឆ្លើយតប​កាំភ្លើងធំ​ និងគ្រាបរ៉ុក្កែត ក៏ដូចជាគោលដៅ​ថ្នាក់ដឹកនាំ​នៃរបបដឹកនាំ​ទីក្រុងព្យុង​យ៉ាង ប្រហែលជា​ជម្រើសចុងក្រោយ​តែមួយគត់​ដែលនៅសល់ ហើយយើង​កំពុងតែឆ្ពោះយ៉ាងលឿន​ និងក្នុងសភាពដ៏គ្រោះថ្នាក់​ទៅ​រក​ជម្រើសនៃ​ការប្រើប្រាស់​កម្លាំងយោធា»

ការគូសបញ្ជាក់​ខាងលើនេះស្រប​ទៅនឹងអ្វី​ដែលលោក ដូណាល់ ត្រាំ ផ្ទាល់បាននិយាយ​នៅមុនជំនួបរបស់លោកជា​មួយមេដឹកនាំ​ចិនលោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក)។ លោក ត្រាំ បានថ្លែងថា​ សហរដ្ឋអាមេរិក​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​​ជ្រើស​យក​វិធានការណ៍ផ្សេងទៀត នៅក្នុងករណី​ដែលទីក្រុងប៉េកាំង​មិនព្រមដាក់​សម្ពាធធ្ងន់​គ្រប់គ្រាន់ ដើម្បីឲ្យរបប​ដឹកនាំ​លោក គីម ជុងអ៊ុន បោះបង់​មហិច្ឆតានុយក្លេអ៊ែររ​បស់ខ្លួនឯង​ចោលទេនោះ។

នៅក្នុងបទសម្ភាសន៍​ដដែលនេះ​លោក Jack Keane បានបន្តថា «ការដាក់ទណ្ឌកម្ម​នាពេលកន្លងមក មិនបាន​ការអ្វីនោះឡើយ​ប្រឆាំងនឹង​​កូរ៉េ​ខាងជើង ហើយខ្ញុំមានមន្ទិល​ជាខ្លាំងថា​ ការធ្វើបែបនេះ​បន្តទៀតនឹង​មានប្រសិទ្ធភាព​នោះ។ ម៉្យាងវិញទៀតខ្ញុំក៏មិនយល់ថា​ ទណ្ឌកម្ម​ប្រឆាំង​នឹង​ចិន​ដែលជាសម្ព័ន្ធមិត្ត​តែគត់​របស់ទីក្រុង​ព្យុងយ៉ាង នឹងជួយអ្វីបាន​ជាដុំកុំភួនប្រសើរជាងនេះដែរ»។ លោក Keane បានលើក​ឡើងថា អតីត​ប្រធានាធិបតីរបស់យើង​បីរូប បានចំណាយ​ពេលដល់ទៅ​ជាង២០ឆ្នាំ ប៉ុន្តែចុងក្រោយ​នៅតែមិនអាច​បញ្ឈប់កម្មវិធី​នុយក្លេអ៊ែរ​របស់កូរ៉េខាង​ជើង​បាន។ ដូច្នេះនា​ពេលនេះ​មេទ័ពអាមេរិក​រូបនេះ សង្ឃឹមថារដ្ឋាភិបាលលោក ដូណាល់ ត្រាំ នឹងអាចទទួល​ជោគជ័យ។

គួរបញ្ជាក់ថាលោក Jack Keane ដែលជានាយឧត្តមសេនីយ៍ផ្កាយបួនចូលនិវត្តន៍ និងជានាយកវិទ្យាស្ថាន​សម្រាប់ការសិក្សា​អំពីសង្រ្គាម បាន​បដិសេធចោល​នូសំណើរបស់​លោក ត្រាំ ក្នុងការកាន់តួនាទី​ជារដ្ឋមន្រ្តីការពារជាតិ​នៃសហរដ្ឋអាមេរិក ពីព្រោះតែបញ្ហា​ផ្ទាល់ខ្លួនពាក់ព័ន្ធនឹង​មរណភាពនៃភរិយា​របស់លោក៕