(ស៊ីរី)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍បានឱ្យដឹងថា ក្រុមភេរវករ ISIS បានប្រហារជីវិតមនុស្ស ៣៣នាក់ នៅតំបន់ភាគខាងកើតប្រទេសស៊ីរី ដែលបានកើតឡើងក្រោយពីរថ្ងៃប៉ុណ្ណោះនៃការវាយប្រហារដោយអាវុធគីមី ដែលរដ្ឋាភិបាលស៊ីរីរងការចោទប្រកាន់យ៉ាងកក្រើកពិភពលោកនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ពួក ISIS បានសម្លាប់រង្គាលមនុស្ស ៣៣នាក់ ដោយប្រើដាវ ឬកូនកំាបិត ហើយជនគ្រោះទំាងនេះមានអាយុចន្លោះពី ១៨ឆ្នាំទៅ២៥ឆ្នាំ នៅឯតំបន់វាលខ្សាច់ al-Mayadin ស្ថិតនៅក្បែរទីក្រុង Deir Ezzor កាលពីព្រឹកថ្ងៃពុធម្សិលមិញ ហើយនេះគឺជាការប្រហារជីវិត មនុស្សទ្រង់ទ្រាយធំប្រព្រឹត្តដោយពួកភេរវករមួយនេះ នៅក្នុងឆ្នាំ២០១៧។ ព្រមពេលជាមួយគ្នានេះ ពុំទាន់មានការបញ្ជាក់ថា ជនរងគ្រោះខាងលើគឺជាសមាជិកកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្រុមឧទ្ទាម ឬក៏ជនស៊ីវិលនៅឡើយនោះទេ។
គួរបញ្ជាក់ថាកាលពីថ្ងៃពុធម្សិលមិញ នៅអ៊ីរ៉ាក់ក៏មានសេចក្ដីរាយការណ៍ថា ពួក ISIS បានសម្លាប់មនុស្ស ២២នាក់ ផងដែរនៅក្នុងទីក្រុង Tikrit ដែលជាភូមិ កំណើតរបស់អតីតមេដឹកនាំអ៊ីរ៉ាក់លោក Saddam Hussein៕