(អាមេរិក)៖ ទីបំផុតយុទ្ធនាការដើម្បីផ្តិតយករូបភាពដំបូងបំផុតនៃប្រហោងខ្មៅ (Black Hole) បានចាប់ផ្តើមហើយដោយចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៤ ខែមេសា (ពេលវេលានៅសហរដ្ឋអាមេរិក) ក្រុមតារាវិទូនឹងប្រើប្រាស់ប្រព័ន្ធកែវយឺត និងផ្កាយរណបនៅជុំវិញពិភពលោក ដើម្បីក្រឡេកមើលទៅលើប្រហោងខ្មៅដ៏ធំមហិមាមួយ នៅចំកណ្តាលនៃកាឡាក់ស៊ី Milky Way របស់យើងឈ្មោះថា Sagittarius A* ឬ Sgr A* ដែលមានទំហំធំជាងព្រះអាទិត្យដល់ទៅបួនលានដងឯណោះ។ នេះបើតាមការដកស្រង់ការចេញផ្សាយចេញពីគេហទំព័រវិទ្យាសាស្រ្ត Space.com នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។
នៅក្នុងយុទ្ធនាការនេះក្រុមអ្នកស្រាវស្រាវសង្ឃឹមថា នឹងអាចថតយករូបភាពនៃច្រករពេលវេលា (Event Horizon) របស់ Sgr A* ដែលវាត្រូវបានគេស្គាល់ថាគឺជា «ចំណុចពុំមានការត្រឡប់ក្រោយ» ដែលគ្មានអ្វីទាំងអស់សូម្បីតែពន្លឺអាចគេចចេញបាន។ ដូច្នេះហើយជាទូទៅផ្ទៃខាងក្នុងនៃប្រហោងខ្មៅ មិនអាចត្រូវផ្តិតយករូបភាពបាននោះឡើយ ពីព្រោះតែពុំមានពន្លឺចេញមកខាងក្រៅ។
លោក Gopal Narayanan សាស្រ្តាចារ្យផ្នែកខាងស្រាវជ្រាវតារាសាស្រ្តនៃសាកលវិទ្យាល័យ University of Massachusetts Amherst សហរដ្ឋអាមេរិកបានលើកឡើងថា «យុទ្ធនាការនៃការតាមដានក៏ដូចជាឃ្លាំមើលទាំងនេះ នឹងជួយយើងក្នុងការគិតគូរពិចារណាទៅលើទ្រឹស្តីដ៏ប្លែកៗអំពីប្រហោខ្មៅ ស្របពេលដែលសព្វថ្ងៃនេះគេសង្កេតឃើញមាន ទឹ្រស្តីចម្លែកៗជាច្រើនពាក់ព័ន្ធនឹងបាតុភូតដ៏អស្ចារ្យនេះ។ ម៉្យាងវិញទៀតដោយប្រើប្រាស់ទិន្នន័យទទួលបានពីគំរោងថ្មីមិនធ្លាប់មាននេះ យើងនឹងអាចស្វែងយល់បានកាន់តែច្បាស់បន្ថែមទៀត អំពីអ្វីដែលយើងមិនដែលយល់ និងមិនដែលដឹងពីមុនមកអំពីប្រហោងខ្មៅ»។
គំរោងខាងលើមានឈ្មោះថា Event Horizon Telescope (EHT) កំពុងធ្វើការតភ្ជាប់មជ្ឈមណ្ឌលឃ្លាំមើលលំហអាកាស នៅរដ្ឋហាវ៉ៃ, រដ្ឋកាលីហ្វរញ៉ា, រដ្ឋអារីហ្សូណា, ប្រទេសម៉ិចស៊ីកូ, ប្រទេសស៊ីលី, ប្រទេសអេស៉្បាញ និងទ្វីបអង់តាក់ទិច ដើម្បីបង្កើតឧបករណ៍នៃរលកវិទ្យុសញ្ញាដែលស្មើនឹងទំហំរបស់ភពផែនដីទាំងមូល។ យោងតាមក្រុមការងារ EHT ឧបករណ៍ដ៏ខ្លាំងក្លាមួយគឺជារឿងចាំបាច់បំផុតក្នុងការមើល ទៅកាន់ច្រកពេលវេលារបស់ប្រហោងខ្មៅ Sgr A* ដែលស្ថិតនៅប្រមាណ ២៦,០០០ឆ្នាំពន្លឺពីភពផែនដីរបស់យើង។
ដោយឡែកនៅក្នុងយុទ្ធនាការនេះ ក្រុមការរងារ EHT ក៏កំពុងព្យាយាមក្រឡេកមើលផងដែរទៅលើប្រហោងខ្មៅដ៏ធំសម្បើមមួយផ្សេងទៀត ស្ថិតនៅស្នូលនៃកាឡាក់ស៊ីឈ្មោះ M87 ដែលមានចម្ងាយ ៥៣.៥លានឆ្នាំពន្លឺពីផែនដី ហើយទម្ងន់របស់ប្រហោងខ្មៅបិសាចនេះ ប្រហែលជាធ្ងន់ជាងព្រះអាទិត្យដល់ទៅ០៦លានដង ដូច្នេះមានន័យថាច្រកពេលវេលារបស់វា ក៏ធំជាងរបស់ប្រហោខ្មៅ Sgr A* ដែរ។ យ៉ាងណាមិញ ទោះបីជាយុទ្ធនាការឃ្លាំមើលនេះនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខយ៉ាងណាក្តី វានឹងទាមទារឲ្យចំណាយពេលវេលាមួយរយៈធំផងដែរ សម្រាប់ក្រុមអ្នកតារាវិទូ ធ្វើការរួមបញ្ចូលនូវរូបភាពនានា៕