(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា គោលជំហររបស់លោក ចំពោះប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ និងប្រទេសស៊ីរីបានផ្លាស់ប្ដូរហើយ បន្ទាប់ពីមានការប្រើប្រាស់អាវុធគីមីជាថ្មីនៅស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ លើកឡើង​បែបនេះ​នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន​រួមគ្នាជាមួយ​ព្រះមហាក្សត្រ​ ហ៊្សកដានី ព្រះចៅ Abdullah ដែលបំពេញ​ទស្សនកិច្ច មកកាន់សហរដ្ឋអាមេរិក​កាលពី​ថ្ងៃពុធ។ ថ្លែងនៅចំពោះ​មុខក្រុមអ្នក​សារព័ត៌មាន លោក ត្រាំ បានលើកឡើង​យ៉ាងដូច្នេះថា «វាជាការឆ្លងកាត់បន្ទាត់​ក្រហម នៅពេលអ្នក​ (លោក អាស្សាដ) សម្លាប់កុមារ និងទារកគ្មាន​កំហុស ដោយ​អាវុធគីមី (...) ហើយទង្វើ​ដ៏ឃោរឃៅប្រឆាំង​នឹងមនុស្សជាតិ​បែបនេះ មិន គួរអត់ឱន​ឱ្យជាដាច់​ខាត»

ព្រមពេលជាមួយគ្នា​ប្រធានាធិបតី​អាមេរិករូបនេះ មិនបានបញ្ជាក់​ឡើយពីវិធានការដែល​សហរដ្ឋអាមេរិក ត្រូវធ្វើដោយគ្រាន់តែលោក​បានទម្លាក់កំហុស​ នៃការវាយប្រហារ​ដោយ​អាវុធគីមីថា​ជាការទទួលខុស​ត្រូវរបស់រដ្ឋាភិបាល​លោក អាស្សាដ។ «ទង្វើដ៏គួរឱ្យស្អប់​ខ្ពើមប្រព្រឹត្តឡើងដោយរបប​ អាស្សាដ មិនអាចអត់​ឱនឱ្យបានឡើយ រីឯគោលជំហរ​របស់ខ្ញុំចំពោះ​លោក អាស្សាដ ក៏បាន​ផ្លាស់ប្ដូរដែរ ហើយអ្វី​ដែលបានកើតឡើងកាលពី​ថ្ងៃម្សិលមិញ (ថ្ងៃអង្គារ) ជារឿងមិនអាច​ទទួលយកបាន​សម្រាប់ខ្ញុំ»

គួរបញ្ជាក់ថា​បើតាមតួលេខថ្មី មនុស្សយ៉ាងហោច​ណាស់ ៨៦នាក់ ក្នុងនោះមាន​កុមារ ២០នាក់ ត្រូវបានសម្លាប់​នៅក្នុងការវាយប្រហារ​ដោយគ្រប់គ្នាជឿជាក់ថាជាការប្រើបា្រស់​អាវុធគីមីនៅក្នុងទីក្រុង Khan Sheikhun នៃខេត្ត Idlib កាលពីថ្ងៃអង្គារ។ ការប្រើប្រាស់​អាវុធគីមីរបៀបនេះ​នៅក្នុង​សង្រ្គាមស៊ីរី ក៏ធា្លប់ត្រូវបាន​គេរាយការណ៍​ចាប់តាំងពីឆ្នាំ២០១៣មកម្លេះ៕