(ប៉ារីស)៖ ខណៈពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសបារាំង កាន់តែខិតជិតមកដល់មែនទែនហើយនោះ បុគ្គលដែលអាចនឹងក្លាយជាមេដឹកនាំថ្មី នៃប្រទេសអឺរ៉ុបមួយនេះចំនួនពីររូបកំពុងធ្វើការប្រកួតប្រជែង យ៉ាងប្រកៀកប្រកិតគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។
យោងតាមការស្ទង់មតិរបស់ទូរទស្សន៍បារាំង បេក្ខជនប្រធានាធិបតីលោក Emmanual Macron ដែលជាអ្នកនយោបាយនិយមកណ្តាល នឹងឈ្នះនៅក្នុងការបោះឆ្នោតជុំទីមួយនាថ្ងៃទី២៣ ខែមេសា ខាងមុខនេះជាមួយសំឡេងគាំទ្រ២៥ភាគរយ ខណៈលោកស្រី Marine Le Pen ប្រធានគណបក្សឆ្វេងនិយមមានសំឡេងគាំទ្រ ២៤ភាគរយ។
គួរបញ្ជាក់ថាទោះបីជាបេក្ខជនទាំងពីររូបនេះ ទំនងជានឹងឈានទៅដល់ការបោះឆ្នោតសម្រេចចុងក្រោយ ដោយភាពប្រកៀកប្រកិតគ្នាយ៉ាងណាក្តីក៏លោក Macron ត្រូវបានគេស្ទាបស្ទង់ថានឹងទទួលជ័យជម្នះនៅក្នុងថ្ងៃទី០៧ ខែឧសភា ហើយក្លាយជាប្រធានាធិបតីបារាំងថ្មី៕