(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងបន្តកសាងសមត្ថភាពយោធារបស់ខ្លួនឲ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីការពារខ្លួនក៏ដូចជាសម្ព័ន្ធមិត្តទាំងឡាយ ពីការវាយប្រហាររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានលោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ៗថា សហរដ្ឋអាមេរិកនឹងបន្តពង្រឹងសមត្ថភាព ក្នុងការទប់ស្កាត់ក៏ដូចជាការពារខ្លួនឯងផ្ទាល់រួមទាំងសម្ព័ន្ធមិត្ត ជាមួយអានុភាពយោធាសព្វបែបយ៉ាង ដែលទីក្រុងវ៉ាស៊ីនតោនមាន។ លោក ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងឈរប្រកៀកស្មាគ្នា ជាមួយសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូង នៅចំពោះមុខការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលកូរ៉េខាងជើងនៅតែបន្តបង្កឡើង។
ជាមួយគ្នានេះបន្ទាប់ពីបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ស៊ីនហ្សូ អាបេ បានឲ្យដឹងដែរថាលោក ត្រាំ បានធានាអះអាងម្តងទៀតថា រាល់ជម្រើសទាំងអស់នឹងអាចយកមកពិចារណាបាន នៅក្នុងការដោះស្រាយជាមួយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា កិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទរវាងមេដឹកនាំនៃប្រទេសទាំងពីរ ត្រូវបានធ្វើឡើងនៅមួយថ្ងៃក្រោយទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់មីស៊ីលផ្លោងចំនួនមួយគ្រាប់ ហើយវាបានធ្លាក់ទៅក្នុងសមុទ្រជប៉ុន ដែលទង្វើនេះត្រូវបានក្រុមអ្នកវិភាគលើកឡើងថា ជាការព្រមានមួយនៅមុនជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ដែលទំនងជានឹងលើកយកបញ្ហាដ៏ក្តៅគគុកគឺការវិវឌ្ឍន៍កាន់តែខ្លាំងក្លានៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងមកពិភាក្សា៕