(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខ UN បានបើកកិច្ចប្រជុំជាបន្ទាន់នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ដើម្បីពិភាក្សាគ្នាលើដំណោះស្រាយថ្កោលទោស ការវាយប្រហារដោយអាវុធគីមីសម្លាប់មនុស្សជិត១០០នាក់ នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី ដែលស្នើឡើងដោយភាគី សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ប៉ុន្តែសេចក្តីសម្រេចជារួមយ៉ាងណានោះ នៅមិនទាន់មានការបញ្ជាក់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USTODAY នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។
ជុំវិញកិច្ចប្រជុំនេះដែររដ្ឋាភិបាលទីក្រុងមូស្គូ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា សេចក្ដីស្នើសុំដំណោះ ស្រាយខាងលើគឺជារឿងមិនអាចទទួលយកបានសម្រាប់រុស្ស៊ី ហើយដែលនេះគឺជាសញ្ញាមួយប្រាប់មុនរួចជាស្រេចថា ទីក្រុងម៉ូស្គូមុខជាអាចនឹងប្រើសិទ្ធិ វ៉េតូជំទាស់នឹងដំណោះស្រាយនេះ ដើម្បីការពាររដ្ឋាភិបាលស៊ីរីរបស់លោក បាស្សា អាល់ អាស្សាដ ដូចដែលខ្លួនធ្លាប់ធ្វើនាពេលកន្លងមក។
គួរបញ្ជាក់ថាការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុង Khan Sheikhun នៃខេត្ត Idlib បានផ្ដាច់យកអាយុជីវិតមនុស្សជិត ១០០នាក់ ក្នុងនោះមានកុមារ២០នាក់។ សង្រ្គាមស៊ីរី អូសបន្លាយពេលជាង៦ឆ្នាំមកនេះ បានសម្លាប់ប្រជាជនស៊ីរីច្រើនជាង ២៥០,០០០ នាក់ និងជិត៥លាននាក់រត់ចេញទៅក្រៅប្រទេស ហើយ ៦លាននាក់បានផ្លាស់ប្ដូរទីលំនៅក្នុងប្រទេស៕