(វ៉ាស៊ីនតោន)៖ យន្ដហោះចម្បាំង​អាមេរិកធុន F16 មួយគ្រឿង (ដំបូងចេញបានចេញផ្សាយថា F-15) បានធ្លាក់នៅថ្ងៃពុធសប្ដាហ៍នេះ នៅចំងាយប្រមាណ ៣គីឡូម៉ែត្រ ពីភាគខាងត្បូងមូលដ្ឋានទ័ពអាកាស Andrews ស្ថិតនៅក្បែររដ្ឋធានីវ៉ាស៊ីនតោន ក៏ប៉ុន្តែពុំមានអ្នកបាត់បង់ជីវិតនោះទេ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន The Independent នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។

ជុំវិញឧប្បដិហេតុនេះដែរ​សារព័ត៌មានអាមេរិក NBC News បានរាយការណ៍ថា អ្នកបើកយន្ដហោះចម្បាំង F16 ខាងលើដែលបានធា្លក់នៅអំឡុងពេលហ្វឹកហាត់ បានចុចឆ័ត្រយោងលោតចេញពីយន្ដហោះ​ទាន់ពេលវេលា ហើយរូបគេ​ត្រូវបានបញ្ជូន​តាមឧទ្ធម្ភាគចក្រយោធា​មួយគ្រឿង​ទៅកាន់មន្ទីរពេទ្យនៅ ក្នុងសភាព​រងរបួស ប៉ុន្តែមិនប៉ះពាល់​ដល់អាយុជីវិតឡើយ។ ភ្លាមៗពុំទាន់មាន​ការបញ្ជាក់ពីមូលហេតុ​ធ្លាក់នេះទេ ខណៈក្រុមអ្នក​ស៊ើបអង្កេត​កំពុងធ្វើការងាររបស់ពួកគេ។

គួរបញ្ជាក់ថាប្រភេទយន្តហោះ F-16 ស៊េរីឆ្នាំ១៩៩៨ មានតម្លៃជិត ២០លានដុល្លារក្នុងមួយគ្រឿង៕