(សេអ៊ូល)៖ ខណៈកំពុងប្រឈមមុខកាន់តែខ្លាំង​ជាមួយកូរ៉េខាងជើង កូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ អះអាងថា ខ្លួនបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងប្រភេទ Hyunmoo ដែលអាចរត់បានចំងាយ ៨០០គីឡូម៉ែត្រ និងបាញ់ដល់គ្រប់ទីតាំងនៅលើទឹកដីកូរ៉េខាងជើង។ នេះបើតាមប្រភពពីក្រសួង ការពារជាតិកូរ៉េខាងត្បូង ​ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។

ប្រភពដដែល​បានឱ្យដឹងទៀតថា ជោគជ័យនៃការបាញ់​សាកល្បងមីស៊ីលនេះ អាចជាសារព្រមានមួយ​ប្រាប់កូរ៉េខាងជើង​ ដែលកំពុងបន្ត​អភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរ​លើដំណោះស្រាយ​ក្រុមប្រឹក្សា​សន្តិសុខ UN»។ ចំណែកឯ រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក ហាន់ មីនគូ ក៏បានចូល​រួមដោយផ្ទាល់​ក្នុងការធ្វើតេស្ត មីស៊ីលនេះដែរ។

គួរបញ្ជាក់ថាកូរ៉េខាងត្បូង​មានប្រភេទមីស៊ីល​ដូចជា Hyunmoo-2A អាចបាញ់​បានចំងាយ ៣០០គីឡូម៉ែត្រ, Hyunmoo-2B ៥០០គីឡូម៉ែត្រ និងមីស៊ីលផ្លោង Hyunmoo-3 អាចបាញ់បានចំងាយ១,០០០គីឡូម៉ែត្រ៕