(អាមេរិក)​៖ ប្រសិនបើប្រធានាធិបតីតួកគី លោក រេសិប តាយយីព អឺដូហ្គាន់ មិនបានអនុញ្ញាត ឲ្យក្រុមរដ្ឋអ៊ីស្លាម IS ឆ្លងកាត់ប្រទេសតួកគី​ដើម្បីកែនទ័ព និង ប្រមូលអាវុធព្រមទាំងគ្រាប់បែក ទៅកាន់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ទេ ISIS ក៏មិនធំធាត់ដល់​សព្វថ្ងៃដែរ។ កំហុសរបស់​ប្រធានាធិបតីលោក អឺដូហ្គាន់ ចាប់ផ្តើមពីឆ្នាំ២០១១ ពេលដែលលោក​មើលឃើញឱកាស​ប្រើប្រាស់ពួក IS ដើម្បីកំចាត់ជនជាតិឃើដនៅក្នុង​តំបន់ ដែលជាពួកមកពីគណបក្ស PKK។ លោក អឺដូហ្គាន់ បានអនុញ្ញាតឲ្យទាហាន IS មកពីបរទេស ២៥,០០០នាក់​ឆ្លងកាត់ទឹកដី​របស់ខ្លួនទៅ​ប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ នេះបើតាម​របាយការណ៍ មជ្ឈមណ្ឌលប្រឆាំងភេរវកម្ម នៃសហរដ្ឋអាមេរិកចេញផ្សាយដោយ វ៉ាស៊ីនតោនថែមស៍ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។

ភ្នាក់ងារស៊ើប​អង្កេតតួកគី និង​អាជ្ញាធរបានទទួលបញ្ជា​ជាពិសេស មិនឲ្យលូកដៃឡើយ​បើឃើញ ទាហានបរទេស​ទាំងនេះឆ្លងកាត់តួកគី។ លើសពីនេះ​ទៅទៀត ប្រសិនបើតួកគី​មិនបានផ្តល់ជំនួយ​ដល់ក្រុមភេរវកម្មទេ យ៉ាងហោចណាស់ ក៏បានបើកដៃ​អោយក្រុមអ៊ីស្លាម​ជីហាត និង IS ទទួលបាន​សព្វាវុធដែរ។ ជាក់ស្តែង​កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ មានឡាន​ដឹកទំនិញធំៗ ៣គ្រឿង ជាកម្មសិទ្ធិរបស់​ភ្នាក់ងារស៊ើប​អង្កេតជាតិ​តួកគី ផ្ទុកទៅដោយ​អាវុធ និងថ្នាំពេទ្យ​បើកមកឈប់​នៅលើវិថី អាដាណា ដើម្បីទំនុកបំរុង​ពួកភេរវកម្ម​នៅស៊ីរី។

ភ្នាក់ងារស៊ើប​អង្កេតរបស់​សហភាពអ៊ឺរ៉ុបបានរកឃើញថា ​មានបណ្តាញ​ទំនាក់ទំនង​ក្នុងប្រទេសតួកគី តភ្ជាប់ពី​ប្រទេសតួកគី កាត់ស៊ីរីទៅដល់តំបន់ម៉ូស៊ូល។ បើតាមសំដី​ផ្ទាល់របស់អតីត​មេបញ្ជាការ​ប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម​ ប្រចាំនៅ​ប្រទេសតួកគី បានឲ្យដឹងថា កាលពីឆ្នាំ២០១៣ មន្ទីរពេទ្យ​នៅតួកគី​បើកទ្វារ​ទទួលទាហាន IS ដែលមាន​របួសទៀតផង។ ការបែកធ្លាយ​សាររបស់កូន​ប្រសារលោក​ អឺដូហ្គាន់ បង្ហាញពីសកម្មភាព​ទិញលក់ប្រេង​ពីក្រុម​ភេរវករ ផ្តល់ចំណូលឲ្យ IS ដល់ទៅ ៣លានដុល្លារ​ក្នុងមួយថ្ងៃ។

ប្រទេសតួកគី​ធ្លាប់បានធ្វើការ​ដោះដូរទាហាន IS ជាមួយទាហានតួកគី​ដែលត្រូវ IS ចាប់ខ្លួនចំនួន២លើក ក្នុងខែកញ្ញា ២០១៤ ម្តង និងម្តងទៀតក្នុង​ខែកុម្ភៈឆ្នាំ ២០១៥។ ទាហាន IS ដែលតួកគី​បញ្ជូនក្នុងការដោះ​ដូរសុទ្ធសឹង​ជាជន​សំខាន់ៗ ខ្លះជាមុខ​សញ្ញាក្រហម​ដែលគេតាម​ចាប់យូរណាស់​មកហើយ​មានដូចជា អាម៉ាត់ ឌីនី ដែលជាប់​ពាក់ព័ន្ធនឹងការធ្វើភេរវកម្ម​នៅអាមេរិក។ អាមេរិកបាន​ធ្វើការស្នើសុំ​ឲ្យតួកគី ទុកបុគ្គលនេះអោយអាមេរិកជាអ្នកកាត់ទោស តែតួកគីមិនស្តាប់តាមឡើយ។ ក្នុងនោះ​តួកគីបានដោះដូរ មូហាម៉ាត់ ម៉ាមូត ដែរ ដែលបុគ្គលនេះ​ជាមេដឹកនាំកំពូល​មួយរូប​របស់ IS។

ប្រទេសតួកគី​បានព្រងើយកន្តើយក្នុងការប្រឆាំង​នឹងអំពើភេរវកម្ម​តាំងពីឆ្នាំ ២០១៤ ក្រោយពេល​រឿងអាស្រូវនៃ​អំពើពុករលួយ​របស់កូនប្រសារ​លោក អឺដូហ្គាន់ បានលេចឡើង។ ក្រុមភេរវករ​នៅតួកគីខ្លាំង​ប៉ះមិនបាន​តែម្តង ព្រោះពេលដែល​ប៉ូលិសតួកគី​ចង់បានខ្លួនពួកគេ កាលពីថ្ងៃទី ១៥ មករា ២០១៤ ប៉ូលិសទាំងនោះបែរ​ជាត្រូវបណ្តេញចេញ​ពីការងារ ហើយ ចាប់ខ្លួនទៅវិញ។
បើធៀបនឹង​១០ឆ្នាំមុន តួកគីបង្ហាញ​ការប្រឆាំងនឹង​អ៊ីស្លាមជ្រុលនិយម ឥឡូវគណបក្សកាន់អំណាច​ដឹកនាំដោយប្រធានាធិបតី អឺដូហ្គាន់ បែរជានិយាយ​សសើរពីការខិតខំតស៊ូ​របស់ពួកគេ​ទៅវិញ។ ការសិក្សារ Pew Research ក្នុងឆ្នាំ២០១៥ បង្ហាញថា ជនជាតិតួកគី ៧លាននាក់ពេញចិត្តក្រុម IS។

ឥឡូវពួក IS មានជម្រក​កក់ក្តៅនៅទីក្រុង​អង់ការ៉ា របស់តួកគី ពួកគេមាន​សាលារៀន កន្លែងបង្វឹក​ទាហាននៅទីក្រុង​អ៊ីស្តង់ប៊ូល។ លទ្ធផលនៃការសម្លាប់​មនុស្សជាច្រើននាក់​នៃក្រុមភេរវករនេះ អាចធ្វើទៅ​បានក៏ដោយសារមានជំនួយ​ពីប្រធានាធិបតី អឺដូហ្គាន់ ដែរ។ ប្រធានាធិបតី អឺដូហ្គាន់ មានឈ្មោះ​ជាភេរវករ បាត់ទៅហើយ​ដោយសារទង្វើ​ដែលគាត់ធ្វើ ប្រឆាំងនឹងមនុស្សធម៌ជាខ្លាំង។

អត្ថបទនេះសសេរ​ដោយសាស្រ្តាចារ្យ អាមីត យ៉ាឡា ជាបណ្ឌិត​ផ្នែកឧក្រិដ្ឋកម្ម ច្បាប់ និង សង្គមកិច្ចនៅ​មហាវិទ្យាល័យ George Mason។ គាត់ធ្លាប់​បម្រើការជា មេបញ្ជាការ​នាយកដ្ឋានប្រយុទ្ធប្រឆាំង​នឹងអំពើភេរវកម្ម នៅតួកគី​ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៣ និងជាអ្នកនិពន្ធ​សៀវភៅ រឿងផ្ទៃក្នុងពាក់ព័ន្ធ​នឹងក្រុមភេរវករ ISIS៕