(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ នៅសប្ដាហ៍ក្រោយ ហើយដែលនេះអាច និយាយបានថាវាជាទស្សនកិច្ច លើកដំបូងនៅរុស្ស៊ី ក្នុងនាមជារដ្ឋមន្ត្រីការបរទេស ខណៈវិមានក្រឹមឡាំង កំពុងស្វែងរកការស្ដារទំនាក់ទំនងល្អ ជាមួយសហរដ្ឋ អាមេរិករបស់លោក ដូណាល់ ត្រាំ។ នេះបើតាមក្រសួងការបរទេសរុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា លោក ធីល្លឺសុន នឹងបំពេញទស្សនកិច្ចនៅរុស្ស៊ី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមេសា ដោយលោកនឹងត្រូវជួបពិភាក្សា ការងារជាមួយសមាភាគីរុស្ស៊ី លោក សឺជី ឡាវ៉ារ៉ូវ (Sergei Lavrov) លើប្រធានបទពាក់ព័ន្ធនឹងបញ្ហាសន្តិសុខអន្តរជាតិ ក្នុងនោះរួមមានទាំងការប្រយុទ្ធ ប្រឆាំងនឹងក្រុមភេរវករ ISIS កូរ៉េខាងជើង សង្រ្គាមនៅស៊ីរី និងនៅភាគខាងកើតប្រទេសអ៊ុយក្រែនជាដើម។
គួរបញ្ជាក់ថា ទំនាក់ទំនងសហរដ្ឋអាមេរិក និងរុស្ស៊ី បានធ្លាក់ចុះដុនដាបបំផុតគិតចាប់តាំងពីសង្រ្គាមត្រជាក់ នៅបន្ទាប់ពីទីក្រុងមូស្គូ បានរឹបអូសយកតំបន់ គ្រីមមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ព្រមទំាងសង្រ្គាមនៅស៊ីរី ដែលបង្ខំឱ្យមហាអំណាចទំាងពីរនេះ ប្រើប្រាស់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច សម្ញែងសាច់ ដុំដាក់គ្នាទៅវិញទៅមក៕