(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថាទីក្រុងមូស្គូ នៅតែបន្តគាំទ្រប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាស្សាដ ក្នុងការប្រយុទ្ធប្រឆាំងនឹង ពួកភេរវករ ហើយដែលនេះអាចជាសញ្ញាណមួយប្រាប់ឱ្យដឹងជាមុន ទៅហើយថារុស្ស៊ី នឹងប្រើសិទ្ធិវ៉េតូជំទាស់ នឹងដំណោះស្រាយស្នើឡើងដោយសហរដ្ឋ អាមេរិក បារាំង និងអង់គ្លេស សំដៅថ្កោលទោសលើការវាយប្រហារតាមផ្លូវអាកាស ដោយប្រើប្រាស់អាវុធគីមី សម្លាប់ជនស៊ីវិលរាប់សិបនាក់នៅក្នុងខេត្ត Idlib។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
ឆ្លើយតបទៅនឹងសំណួរដែលសួរថា តើរុស្ស៊ីនឹងបន្តគាំទ្ររដ្ឋាភិបាលស៊ីរីដែរឬទេ បន្ទាប់ពីមានការវាយប្រហារដោយអាវុធគីមី អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានឆ្លើយដោយឥតស្ទាក់ស្ទើរថា៖ «ទីក្រុងមូស្គូនឹងបន្តគាំទ្ររដ្ឋាភិបាល ប្រធានាធិបតីស៊ីរី លោក អាស្សាដ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួក ភេរវករ បើទោះជាយើងខ្វះកិច្ចសហប្រតិបត្តិការពីសំណាក់ អន្តរជាតិ ហើយនេះមិនមែនជាកំហុស របស់យើងនោះទេ ក៏ប៉ុន្តែយ៉ាងណា រុស្ស៊ីនៅតែប្ដេជ្ញាចិត្ត បន្តកិច្ចខិតខំ ប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងពួកភេរវករ រហូតដល់ទីបំផុត»។
គួរបញ្ជាក់ថា ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃពុធនេះ(ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ដើម្បីបោះឆ្នោត សម្រេចលើ ដំណោះស្រាយមួយស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ថ្កោលទោស ការវាយប្រហារ ដោយអាវុធគីមីសម្លាប់មនុស្សជិត១០០នាក់ ក្នុងនោះ មានកុមារ២០នាក់ នៅក្នុងទីក្រុង Khan Sheikhun នៃខេត្ត Idlib ដែលពួកគេជឿជាក់ថាជាស្នាដៃរបស់កងកម្លាំងរដ្ឋាបាលស៊ីរី៕