(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំ ថ្ងៃនេះមានអ្វីខ្លះសូមទស្សនាដូចខាងក្រោម៖
១៖ ចំនួនកុមារស្លាប់បាត់បង់ជីវិតយ៉ាងវេទនា ដោយសារតែការវាយប្រហារ ដែលគេជឿជាក់ថាប្រើប្រាស់អាវុធគីមីពុល នៅក្នុងទីក្រុង Khan Sheikhun នៃខេត្ត Idlib ប្រទេសស៊ីរី បានកើនដល់២០នាក់ហើយ នៅក្នុងចំណោមជនរងគ្រោះជិត១០០នាក់ ខណៈមហាអំណាច លោកខាងលិចបានចង្អុលមុខ កងកម្លាំងរដ្ឋាភិបាលស៊ីរី ថាជាអ្នកទទួលខុសត្រូវលើការវាយប្រហារដ៏ប្រល័យនេះ។ ក៏ប៉ុន្តែ ទីក្រុងដាម៉ាស់ បានច្រានចោលរាល់ការចោទប្រកាន់ ទាំងឡាយ៕
២៖ កូរ៉េខាងជើង នៅព្រឹកថ្ងៃពុធនេះ បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ចូលទៅក្នុងសមុទ្រជប៉ុន រីឯក្រុមអ្នកជំនាញមួយចំនួន យល់ឃើញថាការសាកល្បង មីស៊ីលផ្លោងនេះ អាចជាការធ្វើតេស្ដទំនាក់ទំនងអាមេរិក-ចិន នៅក្នុងបរិបទដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងផ្ដើមបំពេញទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕
៣៖ កោះតៃវ៉ាន់គ្រោងនឹងផលិតនាវាមុជទឹកថ្មីចំនួន០៨គ្រឿង ដើម្បីបង្កើនកម្លាំងកងនាវាមុជទឹក បច្ចុប្បន្នរបស់ខ្លួនដែលសព្វថ្ងៃមាន បួនគ្រឿងផលិតឡើង ដោយបរទេស ហើយក៏មានអាយុកាលកាន់តែចាស់ទៅៗ នៅចំពោះមុខចិនដែលកំពុងពង្រីកឥទ្ធិពល យោធាកាន់តែខ្លាំងនៅក្នុងតំបន់៕
៤៖ ស្លាកស្នាម ឬអាចជាគ្រឹះប្រាសាទពីរ៉ាមីតដ៏តូមួយ ដែលមានអាយុកាលកាលពីជាង៣៧០០ឆ្នាំមុន ត្រូវបានក្រុមអ្នកបុរាណ វិទ្យារកឃើញក្នុងស្ថានភាព ល្អប្រសើរនៅឯតំបន់បុរាណវត្ថុ Dahchour នៃភាគខាងត្បូងទីក្រុងគែរ ប្រទេសអេហ្ស៊ីប៕
៥៖ កងកម្លាំងអ៊ីរ៉ាក់ បាននិយាយថា មនុស្សយ៉ាងតិច៣៥នាក់ នៅក្នុងចំណោមនោះមានមន្រ្តីប៉ូលិសចំនួន១៤នាក់បានបាត់បង់ជីវិត រួមនិង២៨នាក់ផ្សេង ទៀតបានទទួលរងរបួសជាទម្ងន់ នៅក្នុងការវាយប្រហារនាយប់ថ្ងៃអង្គារ ដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធ ISIS នៅឯទីក្រុង Tikrit ភាគខាងជើង រដ្ឋធានីបាកដាដ៕
៦៖ ចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះរអិលបាក់ដីដ៏អាក្រក់ នៅភាគខាងត្បូងប្រទេសកូឡុំប៊ី បានកើនដល់២៩០នាក់ហើយ មកទល់ថ្ងៃពុធនេះ ខណៈ មនុស្ស ៣៣២នាក់ផ្សេងទៀតបានទទួលរងរបួសជាទម្ងន់ ហើយប្រជាជនប្រមាណ ៤៥,០០០នាក់ ក្នុងចំណោម ៧០,០០០នាក់រស់នៅទីក្រុងនេះបាន ទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយដ៏អាក្រក់នេះ៕