(ស៊ីរី)៖ ក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី បានប្រតិកម្មតបទៅនឹងសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ដែលអះអាងថា ការទម្លាក់លោក បាហ្សា អាល់ អាស្សាដ មិនមែនជាគោលនយោបាយរបស់អាមេរិកទៀត កាលពីសប្តាហ៍មុននោះ គឺជាដើមចមមួយដែលជម្រុញឲ្យរដ្ឋាភិបាលក្រាញអំណាចនេះ បង្កការសម្លាប់រង្គាលកាន់តែខ្លាំងនៅក្នុងប្រទេសខ្លួនឯង។ នេះបើតាមការសេចក្តីរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
កាលពីថ្ងៃសុក្រ ទី៣១ ខែមីនា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «គោលដៅអាទិភាពរបស់យើង លែងជាការអង្គុយសំកុកចាំផ្តោតសំខាន់លើការទម្លាក់លោក Assad តទៀតហើយ។ អាទិភាពចម្បងថ្មីរបស់យើង គឺស្វែងរកមធ្យោបាយដ៏សាកសមដើម្បីដោះស្រាយបញ្ហា និងស្វែងរកដៃគូសហការដែលអាចរួមសាមគ្គីគ្នាក្នុងការផ្តល់ជីវិតរស់នៅថ្មីដ៏ស្រស់បំព្រងដល់ប្រជាពលរដ្ឋនៅប្រទេសស៊ីរី។
សម្រាប់អ្វីដែលគួរឲ្យសង្វេគបំផុតនោះ គឺកុមារស្លាប់បាត់បង់ជីវិតយ៉ាងវេទនាដោយសារតែការវាយប្រហារ ដែលគេជឿជាក់ថា ជាការប្រើប្រាស់អាវុធគីមីពុលនៅក្នុងទីក្រុង Khan Sheikhun នៃខេត្ត Idlib មានចំនួនរហូតដល់ ២០នាក់ហើយ នៅក្នុងចំណោមជនរងគ្រោះជិត ១០០នាក់ ខណៈមហាអំណាចលោកខាងលិច បានចង្អុលមុខកងកម្លាំងរដ្ឋាភិបាលស៊ីរីថាជាអ្នកទទួលខុសត្រូវ លើការវាយប្រហារដ៏ប្រល័យនេះ។
ជុំវិញការវាយប្រហារនេះដែរ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំង នៅថ្ងៃពុធនេះ បានលើកឡើងនូវដំណោះស្រាយមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសទៅលើការវាយប្រហារដោយអាវុធគីមី ដ៏សាហាវឃោឃៅនេះ ហើយវាទំនងជានឹងត្រូវដាក់ឲ្យបោះ ឆ្នោតសម្រេចនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក)។ ក៏ប៉ុន្តែយ៉ាងណាគេពុំរំពឹងឡើយថា ដំណោះស្រាយនេះនឹងត្រូវបានអនុម័តត្បិតរុស្ស៊ីមុខជានឹងបោះឆ្នោតវ៉េតូ ឬជំទាស់ ដើម្បីការពាររបបស៊ីរីដូចអ្វីដែលខ្លួនធ្លាប់បានធ្វើនាពេលកន្លងមក។
គួរបញ្ជាក់ថាកងកម្លាំងរដ្ឋាភិបាលស៊ីរីបានទាត់ចោលការចោទប្រកាន់ថា ខ្លួនបានប្រើប្រាស់អាវុធគីមី រីឯទីក្រុងម៉ូស្គូ។ សង្រ្គាមស៊ីរីអូសបន្លាយពេលជាង ០៦ឆ្នាំមកនេះ បានផ្ដាច់យកអាយុជីវិតប្រជាជនស៊ីរី ច្រើនជាង ២៥០,០០០នាក់ និងជិត០៥លាននាក់រត់ចេញទៅក្រៅប្រទេសហើយ០៦លាននាក់បាន ផ្លាស់ប្ដូរទីលំនៅនៅក្នុងប្រទេស៕