(តេហេរ៉ង់)៖ គ្រោះធម្មជាតិរញ្ជួយដីផែនដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារតំបន់មួយដែលស្ថិតនៅចម្ងាយ ៧៦គីឡូម៉ែត្រពីទីក្រុង Mashhad ស្ថិតនៅភាគឦសាននៃប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ ដែលមានការញ័ររញ្ជួយចេញពីជម្រៅដី ៣៣គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីដែលស្ថិតនៅឆ្ងាយគួរសមពីទីក្រុង Mashhad ដែលមានប្រជាជនរស់នៅសរុប ២.៣លាននាក់ខាងលើនេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង០៤នាក់ផ្សេងទៀតរងរបួស។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB បានចេះផ្សាយទៀតថា គ្រោះរញ្ជួយដីក៏បានបង្កការដាច់ចរន្តអគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍ជាច្រើនទីតាំងងផងដែរ ដែលបានបង្ខំឲ្យប្រជាជនចាកចេញក្រៅលំនៅឋានយ៉ាងកកកុញ៕