(វ៉ាទីកង់)៖ សម្តេច ប៉ាប ហ្រ្វង់ស៊ីស នៅថ្ងៃពុធនេះបានធ្វើការថ្កោលទោសជាទម្ងន់ ចំពោះការវាយប្រហារ នៅក្នុងប្រទេសស៊ីរី ដែលគេមានការសង្ស័យខ្ពស់ថា ជាការប្រើប្រាស់អាវុធគីមី និងបានសម្លាប់ជីវិតមនុស្សជិត ១០០នាក់ នៅក្នុងទីក្រុងមួយកន្លែងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលថា ជាការសម្លាប់យ៉ាងរង្គាលមិនអាចទទួលយកបាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Gulf Today នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
ថ្លែងទៅកាន់សាធារណជននៅឯទីសក្ការៈបូជា St Peter's Square សម្តេច ប៉ាប ហ្រ្វង់ស៊ីស បានលើកឡើងថា «យើងបានមើលឃើញទាំងតក់ស្លុត ខណៈពេលដែលព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់ខ្លោចផ្សាបំផុតមួយ នៅក្នុងប្រទេសស៊ីរីបានកើតឡើង។ ខ្ញុំសុំធ្វើការថ្កោលទោសទាំងស្រុងចំពោះការសម្លាប់យ៉ាងរង្គាលនាថ្ងៃអង្គារម្សិលមិញនេះនៅក្នុងខេត្ត Idlib ជាទីជនស្លូតត្រង់ជាច្រើននាក់ ដែលគ្មានអ្វីការពារខ្លួនបានបាត់បង់ជីវិតយ៉ាងវេទនាជាទីបំផុត ដោយក្នុងចំណោមនោះមានកុមារដល់ទៅ២០នាក់ថែមទៀត»។
ជុំវិញសោកនាដកម្មខាងលើ ក្រសួងការពាជាតិរុស្ស៊ីនៅថ្ងៃពុធនេះនេះ បានចេញមុខទទួលស្គាល់ហើយថា ការវាយប្រហារតាមផ្លូវអាកាស ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ទៅលើឃ្លំាងស្ដុកអាវុធគីមីពុលរបស់ក្រុមឧទ្ទាម បានផ្ដាច់យកអាយុជីវិត មនុស្សជិត១០០នាក់ ក្នុងនោះមានកុមារ២០នាក់។
យោងតាមសេចក្ដីថ្លែងការណ៍មួយបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ខ្លួនក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា «កងកម្លាំងរដ្ឋាភិបាលស៊ីរី បានវាយប្រហារលើឃ្លំាងស្ដុកអាវុធគីមីនៃក្រុមឧទ្ទាម ស្ថិតនៅភាគខាងកើតជាយក្រុង Khan Sheikhun។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នាក្រសួងនេះដដែល ក៏បានអះអាងថា សារធាតុគីមីពុលដែលសម្លាប់ប្រជាជនស៊ីរីស្លូតត្រង់ គឺភាយចេញពីឃ្លំាងស្ដុកអាវុធទំាងនេះពោលគឺកងកម្លំាងរដ្ឋាភិបាលស៊ីរី មិនបានប្រើប្រាស់អាវុធគីមីនោះទេ។
ដោយឡែកជុំវិញបញ្ហានេះដែរ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំង នៅថ្ងៃនេះ បានលើកឡើងនូវដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសទៅលើការវាយប្រហារដោយអាវុធគីមី ដ៏សាហាវឃោឃៅនេះ ហើយវាទំនងជានឹងត្រូវដាក់ឲ្យបោះឆ្នោតសម្រេចនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក)។ ក៏ប៉ុន្តែយ៉ាងណាគេពុំរំពឹងឡើយថាដំណោះស្រាយនេះនឹងត្រូវបានអនុម័តត្បិតរុស្ស៊ីមុខជានឹងបោះឆ្នោតវ៉េតូ ឬជំទាស់ ដើម្បីការពាររបបស៊ីរីដូចដែលខ្លួនធ្លាប់បានធ្វើនាពេលកន្លងមក។
គួរបញ្ជាក់ថាកងកម្លាំងរដ្ឋាភិបាលស៊ីរីបានទាត់ចោលការចោទប្រកាន់ថា ខ្លួនបានប្រើប្រាស់អាវុធគីមី រីឯទីក្រុងម៉ូស្គូ។ សង្រ្គាមស៊ីរីអូសបន្លាយពេលជាង ០៦ឆ្នាំមកនេះ បានផ្ដាច់យកអាយុជីវិតប្រជាជនស៊ីរី ច្រើនជាង ២៥០,០០០នាក់ និងជិត០៥លាននាក់រត់ចេញទៅក្រៅប្រទេសហើយ០៦លាននាក់បាន ផ្លាស់ប្ដូរទីលំនៅនៅក្នុងប្រទេស៕