(កូបូតា)៖ ចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះរអិលបាក់ដីដ៏អាក្រក់ នៅភាគខាងត្បូងប្រទេសកូឡុំប៊ី បានកើនដល់២៩០នាក់ហើយមក​​ទល់ថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។

ម៉្យាងវិញ​ទៀតក្រៅពី​អ្នកស្លាប់ មនុស្សចំនួន​៣៣២នាក់ផ្សេងទៀត​បានទទួលរង​របួសជាទម្ងន់ នៅក្នុង​ហេតុការណ៍​រអិលបាក់ដី​ ដែលបាន​វាយ​ប្រហារ​ទៅលើក្រុង Mocoa នៃប្រទេស​កូឡុំប៊ីកាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុននេះ បន្ទាប់ពី​មានទន្លេចំនួនបី​បានជន់លិច ដោយសារ​តែ​ការ​ធ្លាក់​ភ្លៀងជោគជាំ​ឥត​ឈប់​ឈរ​​ជា​ច្រើន​ថ្ងៃ​បន្ត​បន្ទាប់​គ្នា។​ ព្រមពេលជាមួយគ្នាយោងតាមកាកបាតក្រហម ប្រជាជនប្រមាណ ៤៥,០០០​នាក់ ក្នុងចំណោម ៧០,០០០នាក់រស់នៅទីក្រុងនេះ បានទទួលរងផលប៉ះពាល់ពីព្រោះគ្រោះ​មហន្តរាយដ៏អាក្រក់។

គួរបញ្ជាក់ថា​អាជ្ញាធរកូឡុំប៊ី​ក៏បានបើកការស៊ើប​អង្កេត ដើម្បីកំណត់ថា​តើវិធានការទប់ស្កាត់​ និងបង្កាបែបនេះ ប្រហែលជា​អាចជួយរារាំង​​កុំ​ឲ្យគ្រោះ​ធម្មជាតិនេះ​ កើតមានឡើងបាន​ទៀតនាពេល​អនាគត៕