(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃពុធនេះបាននិយាយថា ការសម្រេចចិត្តរបស់ឥណ្ឌាក្នុងការទទួលស្វាគមន៍សម្ដេចសង្ឃទីបេ ដាឡៃ ឡាម៉ា នៅឯតំបន់កំពុងមានជម្លោះព្រំដែនរវាងចិន និងឥណ្ឌា អាចនឹងបំផ្លាញដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ដកស្រង់ដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Hua Chunying បានបញ្ជាក់ដូច្នេះថា «ចិនជំទាស់ជាដាច់ខាតនឹងដំណើរទស្សនកិច្ចរបស់បុរសម្នាក់ (សម្ដេចសង្ឃ ដាឡៃ ឡាម៉ា) ដែលត្រូវបានចាត់ទុកថា ជាជនផ្ដាច់ទឹកដីដ៏គ្រោះថ្នាក់ ហើយការសម្រេចចិត្តរបស់ឥណ្ឌាបែបនេះ នឹងមិនផ្ដល់ផលចំណេញអ្វីឡើយដល់ឥណ្ឌាខ្លួនឯង ក្រៅតែពីធ្វើឱ្យល្អក់កករទំនាក់ទំនងជាមួយទីក្រុងប៉េកាំង តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថាទីក្រុងប៉េកាំងតែងតែចេញមុខរិះគន់ និងថ្កោលទោសជានិច្ច ចំពោះបណ្ដាប្រទេសទំាងឡាយណា ដែលទទួលស្វាគមន៍ទស្សនកិច្ចរបស់ សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ត្បិតចិនបានចាត់ទុកថា ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះ ជាមេដឹកនាំចលនាឧទ្ទាមដ៏គ្រោះថ្នាក់ ទាមទារផ្ដាច់ទឹកដីតំបន់ស្វយ័តទីបេ៕