(មូស្គូ)៖ ក្រសួងការពាជាតិរុស្ស៊ីនៅថ្ងៃអង្គារនេះ បានទទួលស្គាល់ហើយថា ការវាយប្រហារតាមផ្លូវអាកាស ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ទៅលើឃ្លំាងស្ដុកអាវុធគីមីពុលរបស់ក្រុមឧទ្ទាម បានផ្ដាច់យកអាយុជីវិត មនុស្សជិត១០០នាក់ ក្នុងនោះមានកុមារ២០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
យោងតាមសេចក្ដីថ្លែងការណ៍មួយបង្ហោះនៅលើ Facebook page របស់ខ្លួនក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា «កងកម្លាំងរដ្ឋាភិបាលស៊ីរី បានវាយប្រហារលើឃ្លំាងស្ដុកអាវុធគីមីនៃក្រុមឧទ្ទាម ស្ថិតនៅភាគខាងកើតជាយក្រុង Khan Sheikhun។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នាក្រសួងនេះដដែល ក៏បានអះអាងថា សារធាតុគីមីពុលដែលសម្លាប់ប្រជាជនស៊ីរីស្លូតត្រង់ គឺភាយចេញពីឃ្លំាងស្ដុកអាវុធទំាងនេះ ពោលគឺកងកម្លំាងរដ្ឋាភិបាលស៊ីរី មិនបានប្រើប្រាស់អាវុធគីមីនោះទេ។
ដោយឡែកជុំវិញបញ្ហានេះដែរ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំង នៅថ្ងៃនេះ បានលើកឡើងនូវដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសទៅលើការវាយប្រហារដោយអាវុធគីមី ដ៏សាហាវឃោឃៅនេះ ហើយវាទំនងជានឹងត្រូវដាក់ឲ្យបោះឆ្នោតសម្រេចនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក)។ ក៏ប៉ុន្តែយ៉ាងណាគេពុំរំពឹងឡើយថា ដំណោះស្រាយនេះនឹងត្រូវបានអនុម័តត្បិតរុស្ស៊ីមុខជានឹងបោះឆ្នោតវ៉េតូ ឬជំទាស់ ដើម្បីការពាររបបស៊ីរីដូចដែលខ្លួនធ្លាប់បានធ្វើនាពេលកន្លងមក។
គួរបញ្ជាក់ថាកងកម្លាំងរដ្ឋាភិបាលស៊ីរីបានទាត់ចោលការចោទប្រកាន់ថា ខ្លួនបានប្រើប្រាស់អាវុធគីមី រីឯទីក្រុងម៉ូស្គូ។ សង្រ្គាមស៊ីរីអូសបន្លាយពេលជាង ០៦ឆ្នាំមកនេះ បានផ្ដាច់យកអាយុជីវិតប្រជាជនស៊ីរី ច្រើនជាង ២៥០,០០០នាក់ និងជិត០៥លាននាក់រត់ចេញទៅក្រៅប្រទេសហើយ០៦លាននាក់បាន ផ្លាស់ប្ដូរទីលំនៅនៅក្នុងប្រទេស៕