(បាកដាដ)៖ មនុស្សយ៉ាងតិច៣៥នាក់ នៅក្នុងចំណោមនោះមានមន្រ្តីប៉ូលិសចំនួន១៤នាក់បានបាត់បង់ជីវិត រួមនិង២៨នាក់ផ្សេងទៀតបានទទួលរងរបួសជាទម្ងន់ ក្នុងការវាយប្រហារនាយប់ថ្ងៃអង្គារដែលធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS នៅឯទីក្រុង Tikrit ភាគខាងជើងរដ្ឋធានីបាកដាដ។ នេះបើតាមការអះអាងរបស់កម្លាំងសន្តិសុខ និងភ្នាក់ងារសង្រ្គោះបន្ទាន់នៃប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
ទីក្រុង Tikrit ដែលជាស្រុកកំណើតរបស់អតីតមេដឹកនាំលោក សាដដាម ហ៊ូសេន បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុម ISIS នៅក្នុងខែមិថុនា ឆ្នាំ២០១៤ ហើយកាលពីខែកញ្ញា ឆ្នាំ២០១៥ ក្រុមសកម្មប្រយុទ្ធនេះបានបំផ្ទុះគ្រាប់បែកក្នុងព្រះវិហារ Green ដែលជាវិហារសាសនាគ្រិស្តដ៏ចំណាស់ជាងគេបំផុត ប្រចាំនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាទីស្ការៈបូជាប្រវត្តិសាស្រ្ត Al Arbain ដែលទីតាំងទាំងពីរនេះស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុង Tikrit។
គួរបញ្ជាក់ថាកាលពី២០១៥ ដដែលកងយោធារដ្ឋាភិបាលអ៊ីរ៉ាក់ ក៏បានវាយរំដោះយកទីក្រុងនេះបានមកវិញ ប៉ុន្តែក្រុមសកម្មប្រយុទ្ធ ISIS បាននៅតែបន្តបើកការវាយប្រហារនៅក្នុងក៏ដូចជានៅតាមជាយក្រុងមួយនេះដដែល ដោយកាលពីខែមីនាកន្លងទៅ មនុស្សជាច្រើននាក់បានស្លាប់ដោយសារតែ ការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងពិធីមង្គលការមួយកន្លែង ដែលស្ថិតនៅក្បែរទីក្រុង Tikrit៕