(តៃប៉ិ)៖ កោះតៃវ៉ាន់គ្រោងនឹងផលិតនាវាមុជទឹកថ្មីចំនួន ០៨គ្រឿង ដើម្បីបង្កើនកម្លាំងកងនាវាមុជទឹក បច្ចុប្បន្នរបស់ខ្លួនដែលសព្វថ្ងៃមានបួនគ្រឿង​ផលិតឡើងដោយបរទេស ហើយក៏មានអាយុកាលកាន់តែ ចាស់ទៅៗ នៅចំពោះមុខការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន។ នេះ​បើ​តាម​សម្តី​របស់​មន្រ្តី​ជាន់​ខ្ពស់​ខាង​យោធា​ជើង​ទឹក​តៃវ៉ាន់ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅ​មុន​នេះ​បន្តិច​នា​រសៀល​ថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។

អគ្គសេនាធិការ​កងទ័ពជើងទឹក​តៃវ៉ាន់លោក Lee Tsung-Hsiao បានថ្លែង​ដូច្នេះថា «នៅក្នុងគំរោង​បង្កើតនាវាមុជទឹក​ដោយផ្ទាល់ដៃ​នេះ យើង​សង្ឃឹម​​​ថា​នឹងអាចផលិត​នាវាមុជទឹក​បានចំនួន​០៨គ្រឿង» ដែលនេះគឺជា​ការអះអាងបញ្ជាក់​ជាសាធារណៈជាលើកដំបូង​បំផុត ស្តីពីចំនួន​នាវា​​ដែល​កំពុង​គ្រោង​នឹងផលិតឡើង ហើយនាវាមុជទឹក​ទីមួយត្រូវគេរំពឹងថា នឹងចូលរួមប្រតិបត្តិការ​បាននៅក្នុងរយៈពេល​១០ឆ្នាំទៀត។

គួរបញ្ជាក់ថា​យោងតាម​អ្នកជំនាញ​ផ្នែក​វិស័យការពារ​ជាច្រើន កោះតៃវ៉ាន់​​ដែលរដ្ឋាភិបាល​ទីក្រុងប៉េកាំង​តែងតែចាត់ទុកថា គ្រាន់​តែ​​ជា​ខេត្ត​​មួយ​​របស់​ខ្លួន​ប៉ុណ្ណោះ​នោះ មិន​ធ្លាប់​បាន​​សាង​សង់​នាវា​មុជ​ទឹក​​ដោយផ្ទាល់ដៃ​ខ្លួនឯងពីមុនមកឡើយ ហើយ​នឹង​ចាំ​បាច់​ត្រូវ​ពឹង​ផ្អែក​លើ​ការ​គាំទ្រ​បច្ចេក​វិទ្យា​ពី​បរទេសដដែល ក្នុងការផលិតនាវាមុជទឹកដែលទំនើបៗបាន។ ដោយឡែកចិនដែលកំពុងតែកើនឡើងឥទ្ធិពលយ៉ាងខ្លាំង​ក្លា​នោះ ​ក៏ពុំធ្លាប់​បាន​បោះ​បង់​ចោល​ជម្រើស​នៃ​​ការ​ប្រើ​ប្រាស់​​កម្លាំងយោធា ដើម្បីដណ្តើមកាន់កាប់​យកកោះមួយនេះមកគ្រប់គ្រងវិញ​ផងដែរ៕