(យូអិន)៖ ចំនួនកុមារស្លាប់បាត់បង់ជីវិតយ៉ាងវេទនាដោយសារតែការវាយប្រហារ ដែលគេជឿជាក់ថា ជាការប្រើប្រាស់អាវុធគីមីពុលនៅក្នុងទីក្រុង Khan Sheikhun នៃខេត្ត Idlib បានកើនដល់ ២០នាក់ហើយ នៅក្នុងចំណោមជនរងគ្រោះជិត ១០០នាក់ ខណៈមហាអំណាចលោកខាងលិចបានចង្អុលមុខកងកម្លាំង​រដ្ឋាភិបាលស៊ីរីថាជាអ្នកទទួលខុសត្រូវ លើការវាយប្រហារ​ដ៏ប្រល័យនេះ។ នេះបើយោងតាមអង្គការ ឃ្លំាមើលសិទ្ធិមនុស្សស៊ីរី ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។

ជុំវិញការវាយប្រហារ​នេះដែរ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំង នៅថ្ងៃនេះ បានលើកឡើងនូវដំណោះស្រាយមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គ​ការ​សហប្រជាជាតិ ដើម្បីថ្កោលទោសទៅ​លើការវាយប្រហារ​ដោយអាវុធគីមី ដ៏សាហាវឃោឃៅនេះ ហើយវាទំនង​ជានឹង​ត្រូវដាក់ឲ្យបោះ ឆ្នោតសម្រេចនៅ​​ថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក)។ ក៏ប៉ុន្តែយ៉ាងណាគេពុំរំពឹងឡើយថា ដំណោះស្រាយនេះនឹងត្រូវបានអនុម័តត្បិតរុស្ស៊ី​មុខជានឹងបោះឆ្នោតវ៉េតូ ឬជំទាស់ ដើម្បីការពាររបបស៊ីរី​ដូចអ្វីដែលខ្លួនធ្លាប់បានធ្វើនាពេលកន្លងមក។  

គួរបញ្ជាក់ថាកងកម្លាំងរដ្ឋាភិបាលស៊ីរី​ បានទាត់ចោល​​ការចោទប្រកាន់ថា ខ្លួនបានប្រើប្រាស់​អាវុធគីមី រីឯទីក្រុងម៉ូស្គូ​ក៏បានទទួលស្គាល់ដែរថា​ កងកម្លាំងអាកាសស៊ីរីបានបើកការវាយប្រហារ​ទៅលើឃ្លំាង​ស្ដុកអាវុធ ក្នុងនោះរួមមានទំាងអាវុធគីមី​របស់ក្រុមឧទ្ទាម។ សង្រ្គាមស៊ីរី អូសបន្លាយ​ពេលជាង៦ឆ្នាំមកនេះ បានផ្ដាច់យកអាយុជីវិតប្រជាជនស៊ីរី​ច្រើនជាង ២៥០,០០០នាក់ និងជិត ០៥លាននាក់​រត់ចេញទៅក្រៅ​ប្រទេស ហើយ០៦លាននាក់​បានផ្លាស់​ប្ដូរទីលំនៅ​នៅក្នុងប្រទេស៕