(មីយ៉ាន់ម៉ា)៖ គណៈកម្មការជាតិសិទ្ធិមនុស្សថៃ (NHRC) បានបើកការស៊ើបអង្កេតជាផ្លូវការមួយ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស នៅឯតំបន់រ៉ែ Heinda ស្ថិតនៅក្នុងតំបន់ Tanintharyi ដែលគ្រប់គ្រងដោយថៅកែជាជនជាតិថៃ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០១៧។
ក្រុមប្រតិភូដឹកនាំដោយ NHRC បានទៅទស្សនកិច្ចដល់ទីតាំងក្រុមហ៊ុនរ៉ែខាងលើ កាលពីដើមឆ្នាំកន្លងទៅ ដើម្បីប្រមូលព័ត៌មានទាក់ទិននឹងការចោទប្រកាន់ ពីក្រុមអង្គការសង្គមស៊ីវិលមីយ៉ាន់ម៉ាថាក្រុមហ៊ុន Myanmar Pongpipat Company គ្រប់គ្រងដោយថៅកែជនជាតិថៃ បានរំលោភយ៉ាងធ្ងន់ធ្ងរដល់ សិទ្ធិមនុស្ស និងការរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ានៅក្នុងភូមិ Myaung Pyo ដែលមានទីតាំងស្ថិតនៅទាបជាងតំបន់រ៉ែ Heinda។
ជាមួយគ្នានោះដែរបើតាមក្រុមអ្នកភូមិ Myaung Pyo កាលពីជាង១០ឆ្នាំមុន ប្រភពទឹកនៅក្បែរតំបន់រ៉ែនេះ មានលក្ខណៈល្អ និងអាចស្រោចស្រពបន្លែក្នុងចម្ការរបស់ពួកគេបាន ប៉ុន្តែចាប់តាំងពីក្រុមហ៊ុន Myanmar Pongpipat ចាប់ផ្ដើមដំណើរការរុករករ៉ែ ប្រភពទឹកដ៏សំខាន់នេះប្រែជាមានពណ៌ត្នោត និងល្អក់កករ ប្រើប្រាស់ស្ទើរតែលែងកើតទៅហើយ។
គួររំលឹកថាកាលពីឆ្នាំ២០១៦ ក្រុមហ៊ុន Myanmar Pongpipat ត្រូវបានផ្អាកមិនឱ្យដំណើរការរុករករ៉ែ ដោយអនុវត្តន៍ទៅតាមច្បាប់រុករករ៉ែ និងបរិស្ថានរបស់មីយ៉ាន់ម៉ា ក៏ប៉ុន្តែប៉ុន្មានខែក្រោយមកក្រុមហ៊ុននេះបានធ្វើសកម្មភាពឡើងវិញ។ ចំណែកឯ NHRC ក៏បានឱ្យដឹងដែរថាខ្លួនគ្រោងនឹងកោះហៅ ថៅកែក្រុមហ៊ុន Myanmar Pongpipat មកសាកសួរជុំវិញការចោទប្រកាន់ថា បានរំលោភលោកសិទ្ធិមនុស្ស៕