(បាងកក)៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ចថៃបានជំរុញឱ្យវិស័យឯកជន ជាពិសេសឧស្សាហកម្ម ធ្វើទំនើបកម្មរបស់ខ្លួនកាន់តែលឿនទៅមុខ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចបង្កឡើងដោយ ផែនការអភិវឌ្ឍសេដ្ឋកិច្ច Thailand 4.0 ស្របពេលគេកំពុងមើលឃើញថា សេដ្ឋកិច្ចថៃអាចនឹង ងាយរងគ្រោះ បើសិននៅតែបន្តធ្វើខ្លួនដូចជាកង្កែបក្នុងអណ្ដូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០១៧។
យោងតាម លោក Apichat Satitniramai ជាសាស្ត្រាចារ្យមកពីមហាវិទ្យល័យសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Thammasat ៧០ភាគរយនៃរោងចក្រថៃ គឺខ្វះគំនិតច្នៃប្រឌិត និងការផលិតម៉ាកសញ្ញា (Brand) នៅក្នុងតំបន់ ដូច្នេះវាងាយទទួលរងផលប៉ះពាល់ពីកំណើនសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវ។ ចំណែកឯការវិនិយោគបរទេសនៅក្នុងប្រទេស ក៏បានធ្លាក់ចុះផងដែរ ហើយដែលការធ្លាក់ចុះនេះទៀតសោត បណ្ដាលមកពីកង្វះការ ប្រកួតជែងជាមួយប្រទេសផ្សេងទៀតនៅក្នុងទីផ្សារពិភពលោក។ លោក Apichat Satitniramai បន្ថែមថា ដើម្បីដោះស្រាយបញ្ហា រដ្ឋាភិបាលថៃគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងបង្កើតរចនាសម្ព័ន្ធឧស្សហកម្ម តាមរយៈការលើកកម្ពស់កម្លាំងពលកម្មផ្នែកជំនាញបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត សំដៅទាក់ទាញវិនិយោគិនបរទេស។
គួរបញ្ជាក់ថាបើតាមអ្នកជំនាញថៃ ផែនការសេដ្ឋកិច្ច Thailand 4.0 គួរតែផ្ដោតសំខាន់លើបច្ចេកវិទ្យាប្រកបដោយគំនិតច្នៃប្រឌិត និងការអភិវឌ្ឍប្រព័ន្ធឌីជីថល។ ងាកទៅមើលមេរៀនកាលពីឆ្នាំ១៩៩៧ ដែលជាវិបត្តិសេដ្ឋកិច្ចសកលនោះ ប្រទេសថៃបានរងគ្រោះធ្ងន់ដោយសារតែការមិនចេះគ្រប់គ្រងកំណើនសេដ្ឋកិច្ចរបស់ខ្លួនឲ្យបានល្អ ហើយនៅបច្ចុប្បន្នកាលនេះ ប្រសិនបើថៃនៅតែបណ្តោយខ្លួនឲ្យងាយទទួលរងហានិភ័យ ដូចជាកង្កែបនឹងត្រូវគេចាប់ស្ងោទាំងរស់ពេលណាក៏បាននោះ ប្រទេសថៃនឹងងាយរងវិបត្តិដូចកាលពី២០ឆ្នាំមុនដដែល៕