(សេអ៊ូល)៖ កូរ៉េខាងត្បូងបានចេញមុខថ្កោលទោសកូរ៉េខាងជើង ចំពោះការបន្តបាញ់មីស៊ីលក្នុងលក្ខណៈបង្ករឿងរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នៅព្រឹកព្រលឹមថ្ងៃពុធនេះ ហើយថែមទាំងបាន ព្រមានធ្ងន់ៗថា ទង្វើបែបនេះនឹងឈានទៅរកការដាក់ទណ្ឌកម្មកាន់តែខ្លាំងជាងមុន រហូតដល់ទីបញ្ចប់ នឹងបំផ្លាញរបបដឹកនាំរបស់ខ្លួនឯងកាន់តែឆាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលទីក្រុងសេអ៊ូលថ្កោលទោសដាច់ខាត ចំពោះការធ្វើតេស្តមីស៊ីលថ្មីចុងក្រោយនេះ ពីព្រោះថាវាគឺជាការដឺដងប្រឆាំងទៅនឹងរាល់ដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងការធ្វើសកម្មភាពមួយ ដែលបង្កការគំរាមកំហែងដល់សន្តិភាពក៏ដូចជាសន្តិសុខ មិនត្រឹមតែនៅឧបទ្វីបកូរ៉េនោះទេ ប៉ុន្តែក្នុងពិភពលោកទាំងមូល។
សេចក្តីថ្លែងការណ៍ខាងលើបានបន្តទៀតថា «ប្រទេសកូរ៉េខាងជើង គួរតែមើលឃើញយ៉ាងជាក់ច្បាស់ថា សកម្មភាពបង្ករឿងដោយគ្មានការគិតគូរពិចារណាទាំងនេះ រួមជាមួយការលួចធ្វើឃាតលោក គីម ជុងណាំ ដោយការប្រើប្រាស់អាវុធគីមី នាពេលថ្មីៗកន្លងទៅនេះ នឹងជម្រុញឲ្យមានការដាក់ទណ្ឌកម្ម និងចំណាត់ការក្តៅៗបន្ថែមទៀត ហើយនៅទីបញ្ចប់នឹងជួយរបបដឹកនាំទីក្រុងព្យុងយ៉ាង ដើរកាន់តែលឿននៅលើដងវិថីឆ្ពោះទៅកាន់សេចក្តីវិនាសអន្តរាយដោយឯកឯង»។
គួរបញ្ជាក់ថានាព្រឹកព្រលឹមថ្ងៃពុធនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនមួយគ្រាប់ ដែលភ្លាមៗនេះគេពុំទាន់បានដឹងពីប្រភេទរបស់វានៅឡើយទេ ចេញពីបរិវេណនៃទីក្រុង Sinpo ក្នុងខេត្ត South Hamgyong ទៅកាន់សមុទ្រខាងកើត (សមុទ្រជប៉ុន)។ ម៉្យាងវិញទៀតវាគឺជាការធ្វើតេស្តមីស៊ីលលើកទីបួនហើយរបស់ទីក្រុងព្យុងយ៉ាង ដោយប្រើប្រាស់បច្ចេកវិទ្យាបាលីស្ទីក (Ballistic) នៅក្នុងឆ្នាំ២០១៧នេះ៕