(អេហ្ស៊ីប)៖ ស្លាកស្នាម ឬអាចជាគ្រឹះប្រាសាទពីរ៉ាមីតដ៏តូមួយ ដែលមានអាយុកាលកាលពីជាង ៣៧០០ឆ្នាំមុន ត្រូវបានក្រុមអ្នកបុរាណវិទ្យារកឃើញក្នុងស្ថានភាពល្អប្រសើរនៅឯតំបន់បុរាណវត្ថុ Dahchour នៃភាគខាងត្បូងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០១៧។
យោងតាមរដ្ឋមន្ត្រីបុរាណវិទ្យាអេហ្ស៊ីប លោក Mahmoud Afifi ប្រាសាទពីរ៉ាមីត ខាងលើមានឈ្មោះថា Bent Pyramid ត្រូវបានកសាងឡើងដោយរជ្ជកាល ស្ដេច Sneferu នៅឆ្នាំ២៦០០មុនគ.ស។ ដោយឡែកបើតាមគេហទំព័រ Ahram website ប្រាសាទពីរ៉ាមីតនេះ មានអាយុកាលនៅអំឡុងរជ្ជកាលនៃរាជវង្សទី១៣នៃប្រទេសអេហ្ស៊ីប ដែលស្ថិតនៅក្នុងតំបន់ Dahshur Necropolis នៅតាមបណ្ដាយទន្លេនីល (Nile) ហើយវាត្រូវបានគេសាងសង់ឡើងដើម្បីទុក បញ្ចុះសពគ្រួសារញាតិវង្សស្ដេចអេហ្ស៊ីបនៅសម័យកាលនោះ។
គួរបញ្ជាក់ថាប្រទេសអេហ្ស៊ីប ដែលមានអរិយធម៌ដ៏ចំណាស់បំផុតមួយលើលោក បានបង្កនូវអាថ៌កំបាំងជាច្រើនដែលមិនទាន់ត្រូវបានរកឃើញ ហើយគ្រាន់តែប្រាសាទពីរ៉ាមីត ដែលចាប់ផ្តើមកសាងឡើង ៦,០០០ឆ្នាំមុននោះ ក៏ជារឿងដែលអស្ចារ្យស្ទើរនឹកស្មានមិនដល់ទៅហើយ សម្រាប់ប្រវត្តិសាស្ត្រមនុស្សជាតិ៕