(យូអិន)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំងនៅថ្ងៃនេះបានលើកឡើងនូវដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសទៅលើការវាយប្រហារដោយអាវុធគីមី ដ៏សាហាវឃោឃៅ ដែលបានសម្លាប់ប្រជាជនស្លូតត្រង់កើនដល់ ១០០នាក់ និងជាង ៤០០នាក់ទៀតរងរបួសដ៏ខ្លោចផ្សាបំផុតនៅក្នុងប្រទេសស៊ីរី ហើយវាទំនងជានឹងត្រូវដាក់ឲ្យបោះឆ្នោតសម្រេចនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
ប្រទេសទាំងបីបានទម្លាក់កំហុសនេះ ទៅលើកងកម្លាំងប្រធានាធិបតីស៊ីរី លោក Bashar al-Assad ចំពោះការវាយប្រហារដ៏ប្រល័យនេះ ខណៈយោធាស៊ីរីបានទាត់ចោលការចោទប្រកាន់នេះ ហើយបាននិយាយថា ខ្លួននឹងគ្មានថ្ងៃប្រើប្រាស់អាវុធគីមីនោះឡើយ។ យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី មនុស្សដែលបានស្លាប់នៅក្នុងក្រុង Khan Sheikhun នៃខេត្ត Idlib គឺដោយសារតែថប់ដង្ហើម បូករួមជាមួយឥទ្ធិពលរបស់ឧស្ម័ននោះ បន្ទាប់ពីកងយន្តហោះចម្បាំងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី ឬមួយក៏អាចជារបស់ប្រទេសរុស្ស៊ី បានបើកការវាយលុកទៅលើតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្ទាមនេះ។
គួរបញ្ជាក់ថាពេលនេះ វានៅមិនទាន់ច្បាស់នៅឡើយទេថារុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់លោក Assad រួមជាមួយចិន នឹងយល់ឃើញយ៉ាងណាចំពោះដំណោះស្រាយនេះ។ យោងតាមតួលេខចុងក្រោយ ចំនួនប្រជាជនស៊ីវិលស្លូតត្រង់ ស្លាប់កើនដល់១០០នាក់ នៅក្នុងនោះក៏មានកុមារ ជាច្រើននាក់ផងដែរ ដោយសារតែការវាយប្រហារ តាមផ្លូវអាកាសមួយនៅថ្ងៃអង្គារ ដែលបានបញ្ចេញឧស្ម័នគីមីពុល ទៅលើក្រុងមួយកន្លែងនៅភាគពាយ័ព្យនៃ ប្រទេសស៊ីរី។ នេះបើតាមការអះអាងរបស់អង្គការឃ្លាំងមើលសិទ្ធិមនុស្ស ប្រចាំក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ៕