(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់បាននិយាយថា ការបាញ់សាកល្បងមីស៊ីលផ្លោង របស់កូរ៉េខាងជើងនៅព្រឹកថ្ងៃពុធនេះ គឺជាការធ្វើតេស្ដស្ទាបស្ទង់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ពោលគឺទីក្រុងព្យុងយ៉ាងចង់ដឹងថា តើចិននឹងបញ្ចេញប្រតិកម្មយ៉ាងណា ខណៈប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងផ្ដើមបំពេញដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ស្អែក។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយស្ដីពីជំនួបរវាងលោក ស៊ី និងលោក ត្រាំ មន្ត្រីរូបនេះដដែល បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រធានាធិបតីអាមេរិកមើលឃើញថា ជំនួបកំពូលជាមួយប្រធានាធិបតីចិន គឺជាជំហ៊ានថ្មីមួយនៃការតម្រង់ទិសទំនាក់ទំនងអាមេរិក-ចិន ហើយថាលោកចង់ឲ្យមានទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយ តម្លាភាព តុល្យភាព និងឈរគោលការណ៍ផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ ដោយហោះបានក្នុងចំងាយ ៦០គីឡូម៉ែត្រ នៅម៉ោងជាង ៦៖៤២នាទីព្រឹកចេញពីតំបន់ Sinpo នៃខេត្ត Hamgyong ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ដោយឡែកបើតាមទីបញ្ជាការអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក មីស៊ីល ដែលកូរ៉េខាងជើងបានធ្វើតេស្ដគឺជាប្រភេទមីស៊ីលរយៈចំងាយមធ្យម Pukguksong-2 ឬគេស្គាល់ថា KN-15។ ក៏ប៉ុន្តែភ្លាមៗពុំទាន់មានការបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលនេះទទួលបានជោគជ័យ ឬយ៉ាងណានោះទេ៕