(សេអ៊ូល)៖ កូរ៉េខាងជើង នៅព្រឹកថ្ងៃពុធនេះ បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ចូលទៅក្នុងសមុទ្រជប៉ុន ហើយដែលការធ្វើតេស្ដនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាង ព្រមានចាត់វិធានការសងសឹក បើសិនសហគមន៍អន្តរជាតិបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួន។ នេះបើតាមយោធាកូរ៉េខាងត្បូង ចុះផ្សាយបន្តដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧។
ព័ត៌មានដដែលបានឱ្យដឹងទៀតថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ នៅម៉ោង ៦៖៤២នាទីព្រឹក ចេញពីតំបន់ Sinpo ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ដោយឡែកបើតាមទីបញ្ជាការអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក មីស៊ីលដែលកូរ៉េខាងជើង បានធ្វើតេស្ដគឺជាប្រភេទ មីស៊ីលរយៈចំងាយមធ្យម Pukguksong-2។ ក៏ប៉ុន្តែភ្លាមៗពុំទាន់មានការបញ្ជាក់ថា ការធ្វើរតេស្ដមីស៊ីលនេះទទួលបានជោគជ័យ ឬយ៉ាងណានោះទេ។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញមួយចំនួន ក៏បានព្យាករណ៍ដែរថា កូរ៉េខាងជើង អាចនឹងធ្វើសកម្មភាពបង្ករឿងនៅក្នុងខែមេសានេះ តាមរយៈការបាញ់សាកល្បងមីស៊ីល ឬក៏ការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី៦ ហើយសកម្មភាពទំាងនេះទំនងជាអាចនឹងធ្វើឡើងនៅចំថ្ងៃ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បំពេញដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ឬនៅចំថ្ងៃខួបកំណើតលោក គីម អ៊ីល ស៊ុង (ជីតារបស់ លោក គីម ជុងអ៊ុន) ឬក៏នៅចំថ្ងៃកំណើតកងទ័ពកូរ៉េខាជើង ដែលសុទ្ធតែនឹងត្រូវរៀបចំឡើងនៅក្នុងខែមេសានេះ៕