(ប៉ារីស)៖ បារាំង នៅថ្ងៃអង្គារនេះ បានស្នើឱ្យមានការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជាបន្ទាន់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការ វាយប្រហារដោយអាវុធគីមីសារជាថ្មីនៅក្នុងប្រទេសស៊ីរី។ នេះបើតាមរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ ម៉ាកអៃរ៉ូល (Jean-Marc Ayrault) ចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ លោក អៃរ៉ូល បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការវាយប្រហារដោយអាវុធគីមី ដែលលោកផ្ទាល់ហៅថា ជាទង្វើដ៏សាហាវឃោឃៅបណ្ដាលឱ្យជនស៊ីវិលស្លូតត្រង់ ក្នុងនោះរួមមានទំាងកុមារជាច្រើននាក់ស្លាប់បាតបង់ជីវិត នៅក្នុងខេត្ត Idlib។ រដ្ឋមន្ត្រីការបរទេសបារំាងរូបនេះបន្ថែមទៀតថា ការប្រើប្រាស់អាវុធគីមី គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាស្ដីពីការហាមឃាត់ការ ប្រើប្រាស់អាវុធគីមី ខណៈជនរងគ្រោះនៃទង្វើឆ្កួតលីលានេះ នៅតែជាប្រជាជនស៊ីរី អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
គួរជម្រាបជូនថា ក្រុមប្រឆាំងស៊ីរី បានចោទប្រកាន់ថា កងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់ គឺជាអ្នកនៅពីក្រោយការវាយប្រហារតាមផ្លូវ អាកាសដោយប្រើអាវុធគីមី ដែលបានផ្ដាច់យកអាយុជីវិតមនុស្ស៥៨នាក់ និង១៧០នាក់ រងរបួសនៅខេត្ត Idlib៕