(ដាម៉ាស់)៖ ចំនួនប្រជាជនស៊ីវិលស្លូតត្រង់​ ស្លាប់កើនដល់៥៨នាក់ហើយ នៅក្នុងនោះក៏មានកុមារ ០៩នាក់ផងដែរ ដោយសារតែការវាយ​ប្រហារ​ តាម​ផ្លូវ​អាកាសមួយនៅថ្ងៃអង្គារនេះ ដែលបានបញ្ចេញឧស្ម័នគីមីពុល ទៅលើក្រុង​មួយកន្លែងនៅភាគពាយ័ព្យនៃ ប្រទេសស៊ីរី។ នេះបើតាមការ​អះ​អាង​ របស់អង្គការ​​ឃ្លាំងមើលសិទ្ធិមនុស្ស ប្រចាំក្នុងប្រទេសតំបន់​មជ្ឈិម​បូព៌ាមួយនេះដែលត្រូវបានដក ស្រង់ដោយសារព័ត៌មាន BBC នៅ​​មុន​នេះបន្តិច នាយប់ថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

ប្រភពដដែល​បានឲ្យដឹងទៀតថា មនុស្សដែលបាន​ស្លាប់នៅក្នុងក្រុង Khan Sheikhun នៃខេត្ត Idlib គឺដោយសារ​តែថប់ដង្ហើម​បូករួមជាមួយ​ឥទ្ធិពល​របស់ឧស្ម័ននោះ បន្ទាប់ពីកង​យន្តហោះចម្បាំង ​របស់កងទ័ព​រដ្ឋាភិបាលស៊ីរី ឬមួយក៏អាច​ជារបស់​ប្រទេសរុស្ស៊ី បានបើក​ការវាយ​លុកទៅលើ​តំបន់ ដែលស្ថិត​ក្រោមការគ្រប់គ្រង​របស់ឧទ្ទាមនេះ។

គួរបញ្ជាក់ថា​ ក្រុមឃ្លាំងមើលខាងលើ ដែលមានមូលដ្ឋាន​ នៅចក្រភពអង់គ្លេស មិនទាន់អាច​អះអាងឲ្យច្បាស់ពី​ប្រភេទ​ នៃ​​សារ​ធាតុ​គីមីនោះ​នៅ​ឡើយទេ ខណៈរដ្ឋាភិបាលស៊ីរី ​តាំងពីដើមរៀងមក​តែងតែបាន​ច្រានច្រោល​ជាដដែលៗ ចំពោះ​ការ​ចោទខ្លួនថា​បានប្រើប្រាស់សព្វាវុធ​បែបនេះ៕