(បាងកក)៖ ទីបំផុតគណៈរដ្ឋមន្រ្តីថៃនៅថ្ងៃអង្គារនេះ បានអនុញ្ញាតចំពោះការទិញរថក្រោះចំនួន ១០គ្រឿង ពីប្រទេសចិននៅក្នុងតម្លៃ៥៨លានដុល្លារ ដើម្បីយកមកជំនួសរថក្រោះម៉ូដែលរបស់សហរដ្ឋអាមេរិក ដែលមានភាពហួសសម័យ។ នេះបើតាមសេចក្តីរាយការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ ដែលត្រូវបាន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាថៃលោក Sansern Kaewkamnerd បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «រថក្រោះទាំងនេះនឹងត្រួវយកមកជំនួសរថក្រោះធុន M41 ដែលមានទំហំតូច និងចាស់រិចរិលហួសសម័យ»។ យោងតាមរដ្ឋមន្រ្តីការពារជាតិថៃលោក Prawit Wongsuwan ប្រទេសអាស៊ានមួយនេះបានបន្តប្រើប្រាស់រថក្រោះ M41 ធុនស្រាលនេះ ចាប់តាំងតែពីសម័យសង្រ្គាមលោកលើកទីពីររហូតមក។ ដោយឡែកនេះគឺជាការទិញរថក្រោះលើកពីរ ក្នុងចំណោមគម្រោងទិញរថក្រោះទាំងអស់ចំនួនបីដើម្បីទិញរថក្រោះ ៤៩គ្រឿងពីរដ្ឋាភិបាលទីក្រុងប៉េកាំងបន្ទាប់ពីថៃបានបញ្ជាទិញរថក្រោះចំនួន ២៨គ្រឿង ពីចិនកាលពីឆ្នាំ២០១៦។
គួរបញ្ជាក់ថាកាលពីខែមករាកន្លងទៅនេះ គណៈរដ្ឋមន្រ្តីថៃក៏បានអនុញ្ញាតផ្តល់ថវិកាចំនួន ១៣.៥ពាន់លានបាតដែលស្មើ ៣៨០លានដុល្លារ ដើម្បីទិញនាវាមុជទឹកមួយគ្រឿងពីចិនផងដែរ ហើយកំពុងតែពិចារណាក្នុងការទិញបីគ្រឿងបន្ថែមទៀត។ យ៉ាងណាមិញទំនាក់ទំនងបានមានភាពរីកចម្រើនឡើង រវាងទីក្រុងប៉េកាំង និងសម្ព័ន្ធមិត្តដ៏ចំណាស់នៅតំបន់អាស៊ីអាគ្នេយ៍ របស់សហរដ្ឋអាមេរិកមួយនេះ ជាពិសេសចាប់តាំងពីចំណងទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោនបានផុយស្រួយ នៅក្រោយការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤៕