(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានចាកចេញពីទីក្រុងប៉េកាំងហើយ ដើម្បីបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វាំងឡង់ មុននឹងលោកត្រូវបន្តទៅជួបប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅឯរមណីយដ្ឋាន Ma-a-Lago ក្នុងរដ្ឋផ្លូរីដា នៃសហរដ្ឋអាមេរិក។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
យោងតាមក្រសួងការបរទេសចិនតបតាមការអញ្ជើញរបស់ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto និងលោក ដូណាល់ ត្រាំ លោក ស៊ី នឹងចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសហ្វាំងឡង់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមេសា ហើយលោកនឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៦ដល់ថ្ងៃទី០៧ ខែមេសា នៅរមណីយដ្ឋាន Ma-a-Lago ក្នុងរដ្ឋផ្លូរីដា ភាគអាគ្នេយ៍អាមេរិក។
គួរបញ្ជាក់ថាលោក ស៊ី ជិនពីង និងភរិយាគឺលោកស្រី Peng Liyuan រួមទំាងមន្ត្រីអ្នកមុខអ្នកការចិនជាច្រើននាក់ បានចាកចេញពីទីក្រុងប៉េកាំងនៅថ្ងៃអង្គារ នេះ ហើយអ្វីដែលគេគ្រប់គ្នាកំពុងទន្ទឹមរង់ចាំមើលនោះគឺ ជំនួបរវាងលោក ស៊ី និងលោក ត្រាំ ខណៈគេរំពឹងថាប្រធានបទសំខាន់ដែលអ្នកទំាងពីរត្រូវជជែកគ្នា មានដូចជាទំនាក់ទំនងពាណិជ្ជកម្ម សំណុំរឿងកូរ៉េខាងជើង និងមហិច្ឆតារបស់ចិននៅតំបន់សមុទ្រចិនខាងត្បូងជាដើម៕