(មូស្គូ)៖ ជនសង្ស័យម្នាក់ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងគេជឿជាក់ថាជាអ្នកធ្វើសកម្មភាព វាយប្រហារដោយបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស១១នាក់ និងរបួសជាង៤៥នាក់នៅឯស្ថានីយ៍រថភ្លើងក្រោមដី Sennaya Ploshchad ស្ថិតនៅក្នុងទីក្រុង St Petersburg កាលពីថ្ងៃចន្ទត្រូវបានកំណត់អត្តសញ្ញាណ ហើយថាជាពលរដ្ឋរុស្ស៊ី រស់នៅប្រទេស Kyrgyzstan។ នេះបើតាមទីភ្នាក់ងារសន្តិសុខជាតិ Kyrgyzstan (កៀហ្ស៊ីសីស្តង់) ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារ​សន្តិសុខជាតិ Kyrgyzstan ជនសង្ស័យខាងលើ​មានឈ្មោះថា Akbarzhon Jalilov កើតនៅឆ្នាំ១៩៩៥ នៅឯខេត្ត Osh នៃប្រទេស Kyrgyzstan។ ក៏ប៉ុន្តែទន្ទឹមគ្នានេះក៏មានសេចក្ដីរាយការណ៍​ផ្ទុយពីនេះដែរថា បុរសម្នាក់នេះគឺជាជនបំផ្ទុះគ្រាប់បែក​អត្តឃាត ខណៈក្រុមអ្នកស៊ើប​អង្កេតរុស្ស៊ីបាន​ដាក់ការសង្ស័យថា​ ការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែក​កាលពីថ្ងៃចន្ទ អាចជាសកម្មភាព​ភេរវកម្ម បើទោះបីជាពុំទាន់មានក្រុមណា​មួយចេញមុខអះអាង​ទទួលខុសត្រូវ​ក៏ដោយ។

គួរបញ្ជាក់ថា​ស្ថានីយ៍រថភ្លើងទាំងពីរ Grazhdansky និង Devyatkino នៃស្ថានីយ៍ក្រោមដីក្នុងទីក្រុង St. Petersburg បានបើកទ្វារ​ឲ្យដំណើរការឡើងវិញហើយ នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីមានការត្រួតពិនិត្យ​យ៉ាងល្អិតល្អន់ និងធានាសុវត្ថិភាពទីភ្នាក់ងាររដ្ឋាភិបាល៕