(ដាម៉ាស់)៖ ប្រជាជនស៊ីវិលស្លូតត្រង់យ៉ាងតិចចំនួន១៨នាក់ នៅក្នុងនោះមានកុមារពីរនាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយនៅថ្ងៃអង្គារនេះ ដែលបានបញ្ចេញឧស្ម័នគីមីពុលទៅលើក្រុងមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសស៊ីរី។ នេះបើតាមការអះអាងដោយអង្គការឃ្លាំងមើលសិទ្ធិមនុស្ស ប្រចាំក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
ប្រភពដដែលបានឲ្យដឹងទៀតថា មនុស្សដែលបានស្លាប់នៅក្នុងក្រុង Khan Sheikhun នៃខេត្ត Idlib គឺដោយសារតែថប់ដង្ហើមបូករួមជាមួយឥទ្ធិពលរបស់ឧស្ម័ននោះ បន្ទាប់ពីកងយន្តហោះចម្បាំងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី ឬមួយក៏អាចជារបស់ប្រទេសរុស្ស៊ី បានបើកការវាយលុកទៅលើតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្ទាមនេះ។
គួរបញ្ជាក់ថាក្រុមឃ្លាំងមើលខាងលើ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស មិនទាន់អាចអះអាងឲ្យច្បាស់ពីប្រភេទនៃសារធាតុគីមីនោះនៅឡើយទេ ខណៈរដ្ឋាភិបាលស៊ីរីតាំងពីដើមរៀងមកតែងតែបានច្រានច្រោលជាដដែលៗ ចំពោះការចោទខ្លួនថាបានប្រើប្រាស់សព្វាវុធបែបនេះ៕