(អវកាស)៖ ខណៈកំពុងបន្តធ្វើដំណើរឆ្ពោះទៅកាន់តំបន់ផ្នែកខាងក្រៅបំផុត នៃប្រព័ន្ធព្រះអាទិត្យនោះ នាពេលនេះយានអវកាស New Horizons របស់ទីភ្នាក់ងារអវកាស NASA ធ្វើដំណើរបានពាក់កណ្តាលផ្លូវហើយ ចេញពីភពមិនពេញលក្ខណៈ «ភ្លុយតូ» ដែលជាគោលដៅទីមួយរបស់ខ្លួនទៅកាន់វត្ថុខ្សែក្រវ៉ាត់ខៃភើ (KBO) មានឈ្មោះសម្គាល់ថា «2014 MU69» ជាគោលដៅទីពីរដែល New Horizons នឹងធ្វើការហោះឆ្វែលទៅកៀកក្នុងរយៈពេលជិតពីរឆ្នាំខាងមុខទៀត ពោលគឺថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយគេហទំព័រវិទ្យាសាស្រ្ត SpaceRef.com នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
យោងតាមលោក Alan Stern អ្នកស៊ើបអង្កេតគោលការណ៍របស់បេសកកម្ម New Horizons មកពីវិទ្យាស្ថានស្រាវជ្រាវ Southwest ក្នុងទីក្រុង Boulder នៃរដ្ឋ Colorado នាពេលថ្មីៗនេះយានអវកាស New Horizons បានស្ថិតនៅរយៈចម្ងាយ ៧៨២.៤៥លានគីឡូម៉ែត្រហួសពីភព ភ្លុយតូ ដែលជាចម្ងាយដូចគ្នាបើធៀបទៅនឹងដំណើរដែលត្រូវបន្តឆ្ពោះទៅ MU69។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះយានអវកាស New Horizons កំពុងស្ថិតនៅចម្ងាយប្រមាណជា ៥.៧ពាន់លានគីឡូម៉ែត្រពីភពផែនដីរបស់យើង ហើយនៅក្នុងរយៈចម្ងាយនេះរលកវិទ្យុសញ្ញាដែលបញ្ជូនពីក្រុមការងារប្រតិបត្តិការ ដែលធ្វើដំណើរក្នុងល្បឿនពន្លឺនោះ ត្រូវការពេលវេលាប្រហែលជា ៥ម៉ោង និង២០នាទី ដើម្បីអាចទៅដល់យានអវកាសនេះ។
សម្រាប់ ភ្លុយតូ មិនមែនជាភពបម្រុងតែមួយដែលស្ថិតនៅចុងនៃប្រព័ន្ធព្រះអាទិត្យនោះឡើយ ដោយមានវត្ថុអវកាស ឬភពបម្រុងជាច្រើនទៀតដែលមានទំហំប្រហាក់ប្រហែល ឬធំជាងភ្លុយតូដែរដូចជា Eris, Makemake, Haumea, Sedna, Orcus, 2007 OR, និង Quaosar ជាដើមដែលសុទ្ធសឹងតែគ្មាននរណាធ្លាប់ឃើញ ហើយ New Horizons ក៏ទំនងជានឹងអាចថតរូបភាពភពបម្រុងណាមួយផងដែរ៕