(ហាណូយ)៖ ប្រជានេសាទវៀតណាមបានបង្ហាញភាពត្អូញត្អែរ ក៏ដូចជាការខឹងសម្បារជាខ្លាំង ស្របពេលដែលពួកគេកំពុងព្យាយាមកសាងជីវភាពរស់នៅឲ្យប្រសើរ ដោយពឹងផ្អែកលើឆ្នេរសមុទ្រដែលពោរពេញទៅដោយសារធាតុគីមីពុល ពីព្រោះតែគ្រោះមហន្តរាយបរិស្ថានដ៏អាក្រក់បំផុតមួយរបស់ប្រទេសអាស៊ានមួយនេះកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
ធនធានមានជីវិតនៅក្នុងសមុទ្របានចាប់ផ្តើមទទួលរងការការបំពុល កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ នៅក្បែររោងចក្រដែកថែបមួយកន្លែង ដែលកំពុងត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនរបស់កោះតៃវ៉ាន់។ នៅក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ផ្ទៃឆ្នេរសមុទ្រប្រវែងជាង ២០០គីឡូម៉ែត្រ ត្រូវបាននបំពុលដោយសាធារតុគីមីជាច្រើនប្រភេទ។
ប្រជានេសាទវៀតណាមបានឲ្យដឹងថា កន្លែងដែលពួកគេធ្លាប់តែចាប់បានត្រីដល់ទៅ១០-២០ក្បាលកាលពីអតីតកាល នាពេលនេះអាចចាប់បានយ៉ាងច្រើនមួយ ឬពីរក្បាលតែប៉ុណ្ណោះ ដោយសារតែត្រីធំៗស្ទើរតែទាំងស្រុងបានងាប់អស់ ហើយនៅសល់តែកូនត្រីតូចៗ ហើយត្រីដែលចាប់បានទាំងនោះពេលខ្លះក៏ផ្ទុកដោយសាធាតុគីមីពុលថែមទៀត។
សកម្មជនឈ្មោះ Dang Huu Nam បានលើកឡើងថា ដំបូងឡើយប្រជាជនមានការខឹងសម្បារចំពោះការដែលក្រុមហ៊ុនតៃវ៉ាន់ Formosa បំពុលបរិស្ថានរបស់ប្រទេសវៀតណាម តែឥឡូវនេះពួកគេកាន់តែក្តៅចិត្តថែមទៀតចំពោះការឆ្លើយតប ក៏ដូចជាដំណោះស្រាយមិនច្បាស់លាស់របស់អាជ្ញាធរ ជុំវិញការដោះស្រាយគ្រោះមហន្តរាយនេះ។
គួរបញ្ជាក់ថាបើតាមប្រជាជនរស់នៅតំបន់រងផលប៉ះពាល់ផ្ទាល់ ប្រជានេសាទវៀតណាមរាប់ពាន់នាក់បានបង្ខំចិត្តបោះបង់ចោលមុខរបរនេះ ហើយទៅរកការងារនៅកន្លែងផ្សេងដើម្បីចិញ្ចឹមជីវិតវិញ។ ចំណេកឯភ្ញៀវទេសចរវិញ មានការខ្លាចរអាចំពោះឆ្នេរសមុទ្រដែលបានបាត់បង់កេរ្តិ៍របស់ពួកវា និងមុខជំនួញរកស៊ីក៏កំពុងប្រឈមមុខនឹងបញ្ហាលំបាកជាច្រើន៕