(អាមេរិក)៖ គ្រោះអគ្គីភ័យដ៏ធំមួយកំពុងឆាបឆេះអគាររោងចក្រពាណិជ្ជកម្មមួយកន្លែង នៅតំបន់ភាគខាងនៃទីក្រុង Los Angeles។ នេះ​​បើ​​តាម​ការ​ចេញផ្សាយដោយសារព័ត៌មាន Associated Press នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ទីភ្នាក់ងារពន្លត់​អគ្គីភ័យ​នៃទីក្រុង Los Angeles លោកស្រី Margaret Stewart បានឲ្យដឹងថា​ គ្រោះអគ្គីភ័យ​ខាងលើដែលបាន​​កើត​ឡើងនៅវេលាម៉ោងប្រមាណ ៨៖០០នាទីយប់​ថ្ងៃចន្ទសប្តាហ៍​នេះ (ម៉ោងនៅក្នុង​តំបន់កើតហេតុ) ពីដំបូងឡើងបានចាប់ផ្តើមឆាបឆេះ​​ដំបូលនៃរោងចក្រកែច្នៃ​ម្ហូប​អាហារនេះ ហើយអណ្តាត​ភ្លើងកំពុងតែ​បន្តឥទ្ធិពល ដោយសារបំពង់ហ្គាសដែលលេច​ធ្លាយនៅក្នុងអគាររោង​ចក្រ​នេះ។

គួរបញ្ជាក់តាម​លោកស្រី Stewart ដដែល ភ្នាក់ងារពន្លត់​អគ្គីភ័យ​ជាង ១០០នាក់ បានផ្លាស់​ប្តូរ​វិធីសាស្រ្ត​ទៅជាការ​ទប់ស្កាត់វិញ ដើម្បីបង្ការអណ្តាតភ្លើង​ដែលកំពុងឆាបឆេះ​រោលរាល យ៉ាងសន្ធោសន្ធៅនេះ​កុំឲ្យបន្តរីករាលដាល​បាន។ ដោយឡែក​ពេលនេះពុំទាន់មាន​​សេចក្តី​រាយ​ការណ៍​បញ្ជាក់ពីមនុស្សរងគ្រោះ ឬមួយក៏មូលហេតុ​ដែលបង្កជាគ្រោះអគ្គីភ័យនេះនៅ​ឡើយទេ៕