(មូស្គូ)៖ ស្ថានីយ៍រថភ្លើងទាំងពីរ Grazhdansky និង Devyatkino នៃស្ថានីយ៍ក្រោមដីក្នុងទីក្រុង St. Petersburg បានបើកទ្វារដំណើរការឡើងវិញហើយ ក្រោយទទួលរងការវាយប្រហារបំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស១១នាក់ និងរបួស៤៥នាក់កាលពីថ្ងៃចន្ទ ខណៈសារធាតុផ្ទុះមួយដាច់ដោយឡែកក៏ត្រូវបាន គេរកឃើញផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធររុស្ស៊ីស្ថានីយ៍រថភ្លើងក្រោមដីទាំងពីរខាងលើ បានបើកដំណើរការឡើងវិញ នៅម៉ោងប្រមាណ ៦៖៣៨នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់រួចមក។ ទោះបីជាបែបនេះក្តី នៅពុំទាន់មានការបញ្ជាក់លម្អិតណាមួយនៅឡើយទេពាក់ព័ន្ធនឹងសារធាតុផ្ទុះដែលគេរកឃើញ រីឯក្រុមអ្នកស៊ើបអង្កេតបានដាក់ការសង្ស័យថា ការវាយប្រហារនេះអាចជាភេរវកម្ម។
គួរបញ្ជាក់ថាបើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax និង Tass ជនសង្ស័យម្នាក់ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ត្រូវបានក្រុមអ្នកស៊ើបអង្កេត កំណត់អត្តសញ្ញាណជំហ៊ានដំបូងថា ជាបុរសម្នាក់មានអាយុខ្ទង់ ២០ឆ្នាំ និងមកពីប្រទេសក្នុងតំបន់អាស៊ីកណ្ដាល។ ក៏ប៉ុន្តែទន្ទឹមគ្នាក៏មានសេចក្ដីរាយការណ៍ផ្ទុយពីនេះដែរថា បុរសម្នាក់នោះគឺជាជនបំផ្ទុះគ្រាប់បែកអត្តឃាតតែម្តង៕