(វ៉ាស៊ីនតោន)៖ សភាអាមេរិកបានសម្រេចចិត្តអនុម័តស្ទើរតែជាឯកច្ឆ័ន នៅថ្ងៃចន្ទសប្ដាហ៍នេះ លើសេចក្ដីព្រាងច្បាប់មួយសំដៅដាក់បញ្ចូលកូរ៉េខាងជើង ទៅក្នុងបញ្ជីឈ្មោះរដ្ឋគាំទ្រក្រុមភេរវករសាជាថ្មី និងថ្កោលទោសការអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោងអន្តរទ្វីប ICBM ហើយដែលនេះអាចជាសារមួយ បញ្ជាក់ពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន ផ្ញើជូនទីក្រុងប៉េកាំងមុននឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
សេចក្ដីព្រាងច្បាប់ខាងលើ ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ៣៩៨សំឡេងទល់នឹង ៣សំឡេងជំទាស់ រីឯដំណោះស្រាយស្ដីពីការអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោងអន្តរទ្វីប ICBM របស់កូរ៉េខាងជើងទទួលបានសំឡេងគាំទ្រ ២៩៤ និង០១សំឡេងជំទាស់។ ជាងនេះទៅទៀត ការអនុម័តលើសេចក្ដីព្រាងច្បាប់ដាក់បញ្ចូលកូរ៉េខាងជើង ទៅក្នុងបញ្ជីឈ្មោះរដ្ឋគាំទ្រភេរវករ ធ្វើឡើងយ៉ាងទាន់ហន់បែបនេះ បន្ទាប់ពីមានអំពើឃាតកម្មលើ លោក គីម ជុងណាំ បងប្រុសម្ដាយទីទៃ លោក គីម ជុងអ៊ុន នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានចោទត្រង់ៗតែម្ដងថា របបដឹកនាំលោក គីម ជុងអ៊ុន ជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះ បើទោះជាកូរ៉េខាងជើងបដិសេធជាច្រើនដងក៏ដោយ។
គួរបញ្ជាក់ថាសហរដ្ឋអាមេរិកធ្លាប់បានដាក់បញ្ចូលកូរ៉េខាងជើងក្នុងបញ្ជីខ្មៅ ក្រោយចារកម្មកូរ៉េខាងជើងម្នាក់ ត្រូវបានគេសង្ស័យថា ជាអ្នកបំផ្ទុះគ្រាប់បែកបណ្តាលយន្ដហោះមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air ធ្លាក់កាលពីឆ្នា១៩៨៧ ក៏ប៉ុន្តែការសម្រេចនេះត្រូវបានដកចេញវិញអនុឡោមតាមកិច្ចព្រមព្រៀងមួយ ស្ដីពីនុយក្លេអ៊ែរកាលពីឆ្នាំ២០០៨៕