(វ៉ាស៊ីនតោន)៖ អតីតមហាសេដ្ឋីដែលបានបោះជំហាន ក្លាយទៅជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចធ្វើតាមពាក្យសន្យារបស់លោក ដោយបរិច្ចាកថវិកាសរុប ៧៨,៣៣៣ដុល្លារអាមេរិក ជាប្រាក់ខែបីខែដំបូងក្នុងតំណែងជាមេដឹកនាំកំពូលពិភពលោក ទៅកាន់មូលនិធិបម្រើសេវាឲ្យ​ឧទ្យានជាតិ (National Park Service)។ នេះបើតាម Channel News Asia ចេញផ្សាយតាមសេចក្តី​ប្រកាសរបស់សេតវិមានអាមេរិក នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

គួរបញ្ជាក់ថាអំឡុងយុទ្ធនាការ​ឃោសនា​រកសំឡេងឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាស​ក្តែងៗថា លោកនឹងធ្វើការ​បរិច្ចាកប្រាក់ខែ​ទាំងអស់ក្នុងមួយឆ្នាំ​របស់លោក (៤០០,០០០ដុល្លារ) ទៅជួយបម្រើដល់​កិច្ចការងារ​សង្គមនានា។ លោក ត្រាំ ធ្លាប់បាននិយាយនៅទីក្រុងញូយ៉ក​កាលពី​ខែកញ្ញា ឆ្នាំ២០១៥ យ៉ាងដូច្នេះថា «វាមិនមែនជា​រឿងធំនោះឡើយសម្រាប់ខ្ញុំ»

ជុំវិញការសម្រេចចិត្តរបស់លោក ត្រាំ ខាងលើនេះដែររដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិកលោក Ryan Zinke ដែលទទួលបន្ទុក​លើការតាមដានមើល​ឧទ្យានជាតិ​ចំនួន ១០០ ក្នុងចំណោម​ ឧទ្យានជាតិ សារមន្ទីរ និងទីតាំងសាធារណ​ទាំងអស់សរុប ៤១៧កន្លែងបានថ្លែងគាំទ្រ និងបានបញ្ជាក់​ពីអារម្មណ៍ពិតរបស់លោក ថា «រំភើបយ៉ាងខ្លាំង» ចំពោះសេចក្តីសម្រេច​របស់ប្រធានាធិបតី៕