(បូកូតា)៖ មកទល់ពេលនេះក្រុមអ្នកជួយសង្រ្គោះ នៅតែកំពុងបន្តធ្វើការស្វែងរកជនរងគ្រោះដោយសារ​គ្រោះរអិលបាក់ដី និង​ទឹក​ជំនន់ដ៏​អា​ក្រក់កាលពី​ថ្ងៃសៅរ៍សប្តាហ៍មុននេះ ដែលបង្កការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់ទីក្រុង Mocoa ភាគខាងត្បូងប្រទេសកូឡុំប៊ី និង​​បាន​ឆក់​យក​ជីវិត​មនុស្ស​កើន​ដល់​២៧៣នាក់ហើយ ដោយ​ក្នុង​នោះ​មានកុមារចំនួន៤៣នាក់ ខណៈជិត ២០០នាក់ទៀតបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌​មាន​ Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។

ជាមួយគ្នា​នេះដែរ​ប្រធានាធិបតី​កូឡុំប៊ី​លោក Santos បានបន្តថា​ មនុស្ស​ជាច្រើននាក់​ផ្សេងទៀតកំពុង​ស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​មន្ទីរ​ពេទ្យ​​​នា​​នា​ៗ​​​នៅ​ក្នុង​ទីក្រុង Mocoa ដែលស្ថិត​ក្នុងខេត្ត Putumayo បាននិង​កំពុងបន្ត​ទទួលបានថ្នាំ​សង្កូវ និងសម្ភារៈផ្គត់ផ្គង់​ជាបន្តបន្ទាប់។ យោងតាម​​លោក​​​មក​​​ទល់​​​ពេល​​នេះ​ទីក្រុង Mocoa ទទួល​បានសម្ភាៈ​ចម្អិនអាហារចំនួន​ ២,០០០គ្រឿង ឧបករណ៍​សម្អាត ២,៣០០០គ្រឿង ភួយចំនួន​៧,០០០ដុំ និង​កម្រាល​​សម្រាប់​ក្រាល​គេងចំនួន៦,០០០កំណាត់។ យ៉ាងណាមិញ​លោក Santos បាន​លើក​ឡើង​ថា ​បញ្ហា​ប្រឈមចម្បង​​នា​ពេល​បច្ចុប្បន្ន​​គឺ​បញ្ហា​សុខ​ភាព​​សាធា​រណៈ រួមមានកត្តាអនាម័យ និងការទប់ស្កាត់​ជំងឺរីករាតត្បាត​នៅក្នុង​ទីក្រុង។

គួរបញ្ជាក់ថា​បើតាម​ទីភ្នាក់ងារ​ឧតុនិយមជាតិ​កូឡុំប៊ី ខែមីនាកន្លង​ទៅនេះ​​គឺជាខែដែលមាន​ភ្លៀងធ្លាក់​ច្រើនជោគជាំ​​ជាងគេបង្អស់​​នៅកូឡុំប៊ី គិត​ចាប់​តាំង​ពី​​​ឆ្នាំ​២០១១មក៕