(វ៉ាស៊ីនតោន)៖ សេតវិមានអាមេរិកបានប្រកាសឲ្យដឹងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទដោយផ្ទាល់ ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីចូលរួមមរណទុក្ខចំពោះជនរងគ្រោះទាំងអស់ និងថែមទាំងបង្ហាញការគាំទ្រពេញទំហឹងផងដែរ ចំពោះរុស្ស៊ីក្នុងឆ្លើយតបទៅនឹងអំពើភេរវកម្មដ៏អាក្រក់នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាអាជ្ញាធររុស្ស៊ីកំពុងតាមប្រមាញ់ជនសង្ស័យម្នាក់ ដែលត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និង ត្រូវបានគេជឿជាក់ថា ជាអ្នកធ្វើសកម្មភាពវាយប្រហាដោយបំផ្ទុះគ្រាប់បែកស្លាប់មនុស្ស១១នាក់ និង របួស៤៥នាក់នៅឯស្ថានីយ៍រថភ្លើងក្រោមដី Sennaya Ploshchad ស្ថិតនៅក្នុងទីក្រុង St Petersburg កាលពីថ្ងៃចន្ទ។ ជនសង្ស័យរូបនេះគឺជាបុរសម្នាក់ មកពីប្រទេសតំបន់អាស៊ីកណ្ដាល និងមានអាយុខ្ទង់២០ឆ្នាំ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax និង Tass ជនសង្ស័យខាងលើ ត្រូវបានក្រុមអ្នកស៊ើបអង្កេតកំណត់អត្តសញ្ញាណហើយ ក៏ប៉ុន្តែទន្ទឹមគ្នា ក៏មានសេចក្ដីរាយការណ៍ផ្ទុយពីនេះដែរថា បុរសម្នាក់នោះគឺជាជនបំផ្ទុះគ្រាប់បែកអត្តឃាត។ ក្រុមអ្នកស៊ើបអង្កេតបានដាក់ការសង្ស័យថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក កាលពីថ្ងៃចន្ទជាសកម្មភាពភេរវកម្ម បើទោះជាពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវក៏ដោយ។
ជាងនេះទៅទៀតសូម្បីតែនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev ក៏បានសរសេរនៅលើ Facebook របសលោកដែរថា ការវាយប្រហារដ៏អាក្រក់នេះគឺជាទង្វើភេរវកម្ម។ អាជ្ញាធរក្នុងទីក្រុង St Petersburg បានប្រកាសប្រកាន់ទុក្ខរយៈពេល០៣ថ្ងៃ ខណៈមេដឹកនាំពិភពលោកដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននាំគ្នាថ្កោលទោស និងហៅការវាយប្រហារនេះជាទង្វើគួរឱ្យភ័យខ្លាច រីឯអធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មឺគែល ចាត់ទុកថាវាជាទង្វើសាហាវព្រៃផ្សៃ។
ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង St Petersburg កើតមានឡើងចំពេល ចរន្តនៃការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងអំពើពុករលួយក្នុងប្រទេសរុស្ស៊ី កំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងនាពេលថ្មីៗនេះ អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនក្រុមបារតុករជិត ១,០០០នាក់ឯណោះ៕