(មូស្គូ)៖ អាជ្ញាធររុស្ស៊ីកំពុងតាមប្រមាញ់ជនសង្ស័យម្នាក់ ដែលត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និង ត្រូវបានគេជឿជាក់ថា ជាអ្នកធ្វើសកម្មភាពវាយប្រហាដោយបំផ្ទុះគ្រាប់បែកស្លាប់មនុស្ស១១នាក់ និង របួស៤៥នាក់នៅឯស្ថានីយ៍រថភ្លើងក្រោមដី Sennaya Ploshchad ស្ថិតនៅក្នុងទីក្រុង St Petersburg កាលពីថ្ងៃចន្ទ។ ជនសង្ស័យរូបនេះគឺជាបុរសម្នាក់ មកពីប្រទេសតំបន់អាស៊ីកណ្ដាល និងមានអាយុខ្ទង់២០ឆ្នាំ។ នេះបើតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax និង Tass ជនសង្ស័យខាងលើ ត្រូវបានក្រុមអ្នកស៊ើបអង្កេតកំណត់អត្តសញ្ញាណហើយ ក៏ប៉ុន្តែទន្ទឹមគ្នា ក៏មានសេចក្ដីរាយការណ៍ផ្ទុយពីនេះដែរថា បុរសម្នាក់នោះគឺជាជនបំផ្ទុះគ្រាប់បែកអត្តឃាត។ ក្រុមអ្នកស៊ើបអង្កេតបានដាក់ការសង្ស័យថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក កាលពីថ្ងៃចន្ទជាសកម្មភាពភេរវកម្ម បើទោះជាពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវក៏ដោយ។
ជាងនេះទៅទៀតសូម្បីតែនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev ក៏បានសរសេរនៅលើ Facebook របសលោកដែរថា ការវាយប្រហារដ៏អាក្រក់នេះគឺជាទង្វើភេរវកម្ម។ អាជ្ញាធរក្នុងទីក្រុង St Petersburg បានប្រកាសប្រកាន់ទុក្ខរយៈពេល០៣ថ្ងៃ ខណៈមេដឹកនាំពិភពលោកដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននាំគ្នាថ្កោលទោស និងហៅការវាយប្រហារនេះជាទង្វើគួរឱ្យភ័យខ្លាច រីឯអធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មឺគែល ចាត់ទុកថាវាជាទង្វើសាហាវព្រៃផ្សៃ។
គួរបញ្ជាក់ថាការវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង St Petersburg កើតមានឡើងចំពេល ចរន្តនៃការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងអំពើពុករលួយក្នុងប្រទេសរុស្ស៊ី កំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងនាពេលថ្មីៗនេះ អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនក្រុមបារតុករជិត ១,០០០នាក់ឯណោះ។