(ប៉េកាំង)៖ ក្រុមអ្នកជំនាញនានាបានលើកឡើងថា ប្រទេសចិនបានសម្តែងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាទៅនឹងប្រព័ន្ធការពារគ្រាប់មីស៊ីលរបស់អាមេរិក ដែលកំពុងរៀបចំបំពាក់នៅប្រទេសកូរ៉េខាងត្បូងនោះ ក៏ព្រោះតែចិនយល់ឃើញថា វាមិនមែនត្រឹមតែដើម្បីការពារគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងតែមួយមុខនោះទេ ប៉ុន្តែ THAAD នោះក៏អាចលួចបំពាក់នូវប្រព័ន្ធស៊ើបការណ៍សម្ងាត់ទៅលើកម្មវិធីនុយក្លេអ៊ែររបស់ចិនផងដែរ។ នេះបើតាមការផ្សាយរបស់ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
ទីក្រុងប៉េកាំងបានធ្វើការប្រឆាំងម្តងហើយម្តងទៀត ចំពោះការបំពាក់ THAAD ក៏ដោយសារតែរឿងមួយទៀតដែរនោះគឺទំនាក់ទំនងរវាងចិន និងអាមេរិកដែលចាប់ផ្តើមប្រេះស្រាំខ្លាំង ចាប់តាំងពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកនាអំឡុងចុងឆ្នាំ២០១៦ ហើយប្រការនេះក៏បាននាំឲ្យប្រទេសកូរ៉េខាងត្បូង និងជប៉ុនងាករេចង្កូតទៅចាប់ដៃអាមេរិករឹតតែខ្លាំងផងដែរ។ គ្រប់គ្នាកំពុងរង់ចាំតាមដានមើល ថាតើជំនួបរវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងនាំមកនូវលទ្ធផលដូចម្តេច ខណៈអ្នកវិភាគនានាបានលើកឡើងថា មហាយក្សទាំងពីរនេះគ្មានថ្ងៃអាចអត់គ្នាបាននោះឡើយ។
ងាកទៅមើលអំពីឥទ្ធិពលនៃប្រព័ន្ធការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD អ្នកជំនាញមួយរូបឈ្មោះ Zhang Baohui ដែលមានការតាមដានលើកម្មវិធីនុយក្លេអ៊ែរចិន មានមូលដ្ឋាននៅទីក្រុងហុងកុង បានលើកឡើងយ៉ាងដូច្នេះថា «វាប្រាកដណាស់ថា គ្មាននរណាម្នាក់នៅក្នុងប្រទេសចិន បានដឹងច្បាស់អំពីសមត្ថភាពរបស់ THAAD នោះឡើយ ហើយនេះគឺជាផ្នែកមួយនៃបញ្ហា។ THAAD ពិតជាអាថ៌កំបាំងខ្លាំង ដែលវាពិតជាបានបញ្ជាក់យ៉ាងច្បាស់ពីគម្លាតនៃការយល់ដឹង ក្នុងចង្កោមអ្នកជំនាញការរបស់ចិន»។
ដូច្នេះហើយទើបអ្នកជំនាញ និងរដ្ឋាភិបាលចិនបានបង្ហាញពីការព្រួយបារម្ភរឹតតែខ្លាំង នឹងមិនមានអ្វីត្រូវលើកឡើងឲ្យច្បាស់លាស់នោះឡើយចំពោះសមត្ថភាពរបស់ THAAD ប៉ុន្តែការបង្កើនរូបភាពអាក្រក់របស់វាត្រូវបានធ្វើឡើងជាលំដាប់។ ប្រទេសចិនបានជម្រុញឲ្យប្រទេសក្នុងតំបន់ និងសកលលោកប្រឆាំងចំពោះការដាក់ពង្រាយ THAAD ព្រោះតែវាអាចធ្វើឲ្យតំបន់ទាំងមូលអស្ថិរភាព។ បន្ថែមពីនេះទៀតចិនក៏បានចោទថា THAAD មានបង្កប់ប្រព័ន្ធរ៉ាដាដែលអាចជះរលកសញ្ញាបានជុំវិញ ២,០០០គីឡូម៉ែត្រ ដែលវាបានប្រាកដជាអាចលុកលុយចូលជ្រៅទៅក្នុងទឹកដីចិនបាន៕