(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃរបស់ខ្លួន ចេញពីតំណែងដោយសារតែរឿងពុករលួយ ជាពិសេសនោះគឺការធ្វើឱ្យបាត់បង់ការជឿជាក់ និងទំនុកចិត្ត ពីរដ្ឋាភិបាល។ នេះបើតាមសម្តីមន្ត្រីការិយាល័យប្រធានាធិបតីពីររូប ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០១៧។
ការបណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃ លោក Ismael Sueno ចេញពីតំណែងធ្វើឡើងនៅក្នុងបរិបទដែលលោក ឌូតឺតេ កំពុងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង គ្រឿងញៀន ឧក្រិដ្ឋកម្ម និងអំពើពុករលួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយតាមរយៈយុទ្ធនាការនេះដែរប្រធានាធិបតីហ្វីលីពីនមាត់ឆៅរូបនេះ ក៏ធ្លាប់បានដកមន្ត្រីជាច្រើនក្នុងនោះរួមមានទំាងមន្ត្រីជាន់ខ្ពស់ពីររូប ទទួលបន្ទុកអន្តោប្រវេសន៍ និងអតីតអ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ក៏ត្រូវបានបណ្ដេញចេញពីដំណែងផងដែរ ដោយសារតែអំពើពុករលួយ។
ដោយឡែកថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Ernesto Abella បាននិយាយថា «លោក ឌូតឺតេ បានបណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃ លោក Ismael Sueno ចេញពី តំណែងដោយសារតែអំពើពុករលួយ ការធ្វើឱ្យបាត់បង់ការជឿជាក់ និងទំនុកចិត្តពីរដ្ឋាភិបាល»។
គួរបញ្ជាក់ថានៅក្នុងបទសម្ភាសន៍តាមវិទ្យុ រដ្ឋមន្ត្រីយុត្តិធម៌ហ្វីលីពីនក៏បានទទួលស្គាល់ព័ត៌មានដកតំណែង លោក Ismael Sueno ដែរ ក៏ប៉ុន្តែមិនបានបញ្ជាក់ឱ្យបានច្បាស់ពីមូលហេតុនៃការសម្រេចចិត្តរបស់លោក ឌូតឺតេ នោះឡើយ៕